1បន្ទាប់មក ទេវតា បានប្រគល់ដើមត្រែងមួយមកខ្ញុំស្រដៀងនឹងដំបងសំរាប់វាស់ ហើយប្រាប់ថា៖ «ចូរក្រោកឡើង ទៅវាស់ព្រះវិហារ របស់ព្រះជាម្ចាស់ វាស់អាសនៈ និង រាប់អស់អ្នកដែលថ្វាយបង្គំព្រះអង្គនៅទីនោះផង។2ក៏ប៉ុន្ដែ ត្រូវទុកទីលានដែលនៅខាងក្រៅព្រះវិហារដោយឡែក កុំវាស់អោយសោះ ដ្បិតព្រះអង្គបានប្រគល់លាននោះអោយជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។3យើងនឹងអោយបន្ទាល់របស់យើងទាំងពីររូបស្លៀកបាវ ទៅថ្លែងព្រះបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។4អ្នកទាំងពីរនេះ គឺជាដើមអូលីវទាំងពីរ និង ជាជើងចង្កៀងទាំងពីរដែលស្ថិតនៅខាងមុខព្រះអម្ចាស់នៃផែនដី។5ប្រសិនបើមាននរណាម្នាក់ ចង់ធ្វើទុក្ខអ្នកទាំងពីរនោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញមារសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។6អ្នកទាំងពីរមានអំណាចធ្វើអោយមេឃរាំង គ្មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលគាត់ថ្លែងព្រះបន្ទូល ហើយក៏មានអំណាចធ្វើអោយទឹកក្លាយទៅជាឈាម ព្រមទាំងធ្វើអោយគ្រោះកាចគ្រប់យ៉ាងអាចកើតមាននៅលើផែនដីពេលណាក៏បាន តាមតែគាត់ចង់។7ពេលអ្នកទាំងពីរបានផ្ដល់សក្ខីភាពរបស់ខ្លួនចប់សព្វគ្រប់ហើយ មានសត្វតិរច្ឆានឡើង ពីនរកអវិចីមកច្បាំងនឹងគេ វានឹងឈ្នះ ហើយប្រហារជីវិតគេទៀតផង។8សាកសពរបស់អ្នកទាំងពីរនឹងត្រូវទុកចោលនៅតាមទីផ្សារ ក្នុងក្រុងដ៏ធំនោះ ជាក្រុងដែលមានឈ្មោះជានិមិត្ដរូប ថា "សូដុម"ឬ "អេស៊ីប" គឺនៅក្រុងនោះហើយដែលគេឆ្កាងព្រះអម្ចាស់របស់អ្នកទាំងពីរ។9មនុស្សម្នា ពីចំណោមប្រជាជននានា ពីចំណោមកុលសម្ព័ន្ធ ពីចំណោមភាសា និង ពីចំណោមជាតិសាសន៍ទាំងឡាយនឹងឃើញសាកសពរបស់អ្នកទាំងពីរ ក្នុងរវាងបីថ្ងៃកន្លះ ហើយពួកគេមិនអនុញ្ញាតអោយយកសាកសពអ្នកទាំងពីរទៅបញ្ចុះក្នុងផ្នូរឡើយ។10មនុស្សម្នាដែលរស់នៅផែនដីនឹងមានចិត្ដត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនអោយគ្នាទៅវិញទៅមក ព្រោះព្យាការី ទាំងពីររូបបានធ្វើអោយមនុស្សម្នាដែលរស់នៅលើផែនដីរងទុក្ខលំបាកខ្លាំងណាស់។11បីថ្ងៃកន្លះក្រោយមក មានដង្ហើមជីវិតមួយចេញពីព្រះជាម្ចាស់ មកចូលក្នុងសាកសពអ្នកទាំងពីរ។ អ្នកទាំងពីរក៏ក្រោកឈរឡើងធ្វើអោយអស់អ្នកដែលបានឃើញភ័យខ្លាចជាខ្លាំង។12អ្នកទាំងពីរបានឮសំឡេងមួយពីលើមេឃ បន្លឺយ៉ាងខ្លាំងមកកាន់គេថា "សូមឡើងមកនេះ!"។ អ្នកទាំងពីរក៏ឡើងទៅលើមេឃក្នុងពពក រីឯពួកសត្រូវក៏បានឃើញដែរ។13ខណៈនោះស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង ក្រុងរលំអស់មួយភាគដប់ មនុស្សប្រាំពីរពាន់នាក់បានបាត់បង់ជីវិតនៅពេលរញ្ជួយផែនដី។ អ្នកសល់ពីស្លាប់ភ័យញ័ររន្ធត់នាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់នៃស្ថានបរមសុខ »។14ទុក្ខវេទនាទីពីរនេះបានកន្លងផុតទៅ ទុក្ខវេទនាទីបីនឹងមកដល់ក្នុងពេលឆាប់ៗ។15ទេវតា ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ ត្រូវផ្ទេរថ្វាយទៅព្រះអម្ចាស់នៃយើង និង ថ្វាយព្រះគ្រិស្ដរបស់ព្រះអង្គ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។16ពេលនោះ ព្រឹទ្ធាចារ្យ ទាំងម្ភៃបួនរូបដែលអង្គុយលើបល្ល័ង្កនៅខាងមុខព្រះជាម្ចាស់ ក៏នាំគ្នាក្រាបអោនមុខដល់ដី ហើយថ្វាយបង្គំព្រះជាម្ចាស់17ទាំងពោលថា៖ «បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។18ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសំដែងព្រះពិរោធដ៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះព្រះអង្គនឹងប្រទានរង្វាន់ដល់ ពួកព្យាការី ជាអ្នកបំរើរបស់ព្រះអង្គដល់ប្រជាជនដ៏វិសុទ្ធ និង ដល់អស់អ្នកដែលគោរពកោតខ្លាច ព្រះនាមព្រះអង្គ ទាំងអ្នកតូចទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។19ពេលនោះ ទ្វារព្រះវិហារ របស់ព្រះជាម្ចាស់នៅស្ថានបរមសុខក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រី របស់ព្រះអង្គ ក៏លេចមកនៅក្នុងព្រះវិហារ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និង មានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។