1ខ្ញុំឃើញទេវតា ខ្លាំងពូកែមួយរូប ទៀតចុះពីលើមេឃមក មានពពក ព័ទ្ធជុំវិញខ្លួន មានឆព្វណ្ណរង្សីនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចសសរភ្លើង។2ដៃលោកកាន់ក្រាំងតូចមួយដែលបើកស្រាប់ លោកដាក់ជើងស្ដាំលើសមុទ្រ ជើងឆ្វេងលើដីគោក។3លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងដូចសឹង្ហគ្រហឹម ហើយពេលទេវតានោះបន្លឺសំឡេង ផ្គរទាំងប្រាំពីរក៏លាន់ឮឡើងដែរ។4ពេលផ្គរលាន់ឮរួចហើយ ខ្ញុំហៀបនឹងសរសេរទុកស្រាប់តែឮសំឡេងមួយពោលពីលើមេឃមកថា៖ «ចូរលាក់សេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះអោយជិត កុំសរសេរទុកឡើយ»។5រីឯទេវតាដែលខ្ញុំបានឃើញឈរលើសមុទ្រ និង លើដីគោកនោះ ក៏លើកដៃស្ដំាឡើងទៅលើមេឃ6ហើយស្បថ ក្នុងព្រះនាមព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និង អ្វីៗដែលមាននៅលើមេឃ ផែនដី និង អ្វីៗដែលមាននៅលើផែនដី សមុទ្រ និង អ្វីៗដែលមាននៅក្នុងសមុទ្រ។ ទេវតានោះ បានពោលយ៉ាងឧឡារឹកថា «គ្មានពន្យារពេលទៀតឡើយ7នៅគ្រាណាទេវតាទីប្រាំពីរបន្លឺសំឡេងឡើង គឺនៅពេលលោកចាប់ផ្ដើមផ្លុំត្រែ ព្រះជាម្ចាស់នឹងសំរេចតាមគំរោងការដ៏លាក់កំបាំងរបស់ព្រះអង្គ ដូចទ្រង់បានប្រទានដំណឹងល្អទុកជាមុន តាមរយៈពួកព្យាការី ជាអ្នកបំរើរបស់ព្រះអង្គ»។8បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖ «សូមអញ្ជើញទៅយកក្រាំងតូចបើកស្រាប់ ក្នុងដៃទេវតាដែលឈរលើសមុទ្រ និង លើដីគោកនោះមក»។9ខ្ញុំក៏ដើរទៅរកទេវតានោះ ទាំងសុំអោយលោកប្រគល់ក្រាំងតូចមកខ្ញុំ។ លោកពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើអោយអ្នកឈឺពោះតែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។10ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃទេវតាមកបរិភោគ នៅក្នុងមាត់ខ្ញុំវាផ្អែមដូចទឹកឃ្មុំលុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។11បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងព្រះបន្ទូលសាជាថ្មីទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសានានា និង អំពីស្ដេចជាច្រើនផង»។