1ទេវតា ទីប្រាំផ្លុំត្រែឡើង ខ្ញុំក៏ឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃ មកផែនដី ផ្កាយនោះទទួលកូនសោរណ្ដៅនរកអវិចី2ហើយបើកទ្វាររណ្ដៅនរកអវិចីនោះ ស្រាប់តែមានផ្សែងហុយឡើងមក ដូចផ្សែងដែលហុយចេញពីឡមួយយ៉ាងធំ។ ពេលនោះព្រះអាទិត្យ និង លំហអាកាសប្រែទៅជាងងឹត ព្រោះតែផ្សែងដែលហុយចេញពីរណ្ដៅ។3មានកណ្ដូបជាច្រើនចេញពីផ្សែងនោះហើរមកលើផែនដី វាបានទទួលអំណាចដូចខ្យាដំរីដែរ។4កណ្ដូបទាំងនោះបានទទួលបំរាម មិនអោយបំផ្លាញតិណជាតិនានាលើផែនដីរុក្ខជាតិឬ ដើមឈើណាមួយឡើយ ត្រូវបំផ្លាញតែមនុស្សណាដែលគ្មានត្រារបស់ព្រះជាម្ចាស់បោះសំគាល់នៅលើថ្ងាសប៉ុណ្ណោះ។5កណ្ដូបទាំងនោះពុំបានទទួលសិទ្ធិសម្លាប់ទេ គឺគ្រាន់តែធ្វើអោយមនុស្សឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ កណ្ដូបនឹងធ្វើអោយមនុស្សឈឺចុកចាប់ដូចខ្យាដំរីទិចដែរ។6នៅគ្រានោះ មនុស្សរកសេចក្ដីស្លាប់ តែរកមិនឃើញ គេចង់ស្លាប់ណាស់ តែសេចក្ដីស្លាប់រត់ចេញឆ្ងាយពីគេ។7កណ្ដូបទាំងនោះមានរាងដូចសេះដែលគេបំពាក់គ្រឿងសឹកចេញទៅច្បាំង នៅលើក្បាលវាមានពាក់កម្រងដូចជាមកុដមាសហើយមុខវាដូចមុខមនុស្ស។8វាមានសក់វែងដូចសក់ស្ដ្រី ហើយមានធ្មេញដូចធ្មេញសឹង្ហ។9វាមានគ្រឿងក្រោះដូចអាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។10កន្ទុយរបស់វាមានទ្រនិចដូចខ្យាដំរីហើយមានអំណាចនឹងអោយមនុស្សម្នាឈឺចុកចាប់ អស់រយៈពេលប្រាំខែ។11កណ្ដូបទាំងនោះមានយមរាជ ធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថាអាបាដូនជាភាសាក្រិកថាអាប៉ុលីយ៉ូន។12លុះទុក្ខវេទនាទីមួយបានកន្លងផុតទៅ ទុក្ខវេទនាពីរទៀតក៏កើតមកតាមក្រោយ។13ទេវតាទីប្រាំមួយផ្លុំត្រែឡើង ខ្ញុំក៏បានឮសំឡេងមួយចេញពីស្នែងនៅជ្រុងទាំងបួនរបស់អាសនៈមាសដែលស្ថិតនៅខាងមុខព្រះជាម្ចាស់។14សំឡេងនោះពោលមកកាន់ទេវតាទីប្រាំមួយដែលមានត្រែនៅដៃថា៖ «ចូរស្រាយទេវតាទាំងបួនរូប ដែលជាប់ចំណងនៅលើទន្លេធំ គឺទន្លេអឺប្រាតនោះទៅ!»។15គេក៏ស្រាយទេវតាទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និង ឆ្នាំ។16ខ្ញុំបានឮថា ចំនួនទាហានទ័ពសេះនោះ មានទាំងអស់ពីររយលាននាក់។17ក្នុងនិមិត្ដហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ មានសេះ និង ពលទាហានដែលជិះពីលើវា ពាក់អាវក្រោះពណ៌ក្រហមដូចភ្លើង ពណ៌បៃតងខ្ចី និង ពណ៌លឿងដូចស្ពាន់ធ័រ។ រីឯក្បាលសេះវិញមានរាងដូចជាក្បាលសឹង្ហ ហើយមានភ្លើង ផ្សែង និង ស្ពាន់ធ័រចេញពីមាត់វាមកផង។18មនុស្សមួយភាគបីបានស្លាប់ ដោយសារគ្រោះកាចទាំងបីមុខនេះ គឺស្លាប់ដោយភ្លើង ដោយផ្សែង និង ដោយស្ពាន់ធ័រដែលចេញពីមាត់សេះ19ដ្បិតអំណាចរបស់សេះទាំងនោះស្ថិតនៅលើមាត់ និង កន្ទុយ។ កន្ទុយរបស់វាប្រៀបបានទៅនឹងពស់ គឺមានក្បាល ហើយវាធ្វើអោយមនុស្សវេទនា ដោយសារតែក្បាលហ្នឹងឯង។20រីឯមនុស្សឯទៀតៗ ដែលមិនបានស្លាប់ដោយគ្រោះកាចទាំងនោះ ពុំព្រមកែប្រែចិត្ដគំនិតឈប់ប្រព្រឹត្ដអំពើរបស់ខ្លួនទេ គឺគេពុំព្រមឈប់ថ្វាយបង្គំអារក្ស ថ្វាយបង្គំរូបសំណាករបស់ព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និង ធ្វើពីឈើ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយក៏មិនចេះដើរនោះឡើយ។21គេក៏ពុំព្រមកែប្រែចិត្ដគំនិត ឈប់ប្រព្រឹត្ដអំពើឃាតកម្ម វិជ្ជាធ្មប់ អំពើប្រាសចាកសីលធម៌ និង អំពើលួចប្លន់ដែលខ្លួនបានប្រព្រឹត្ដនោះដែរ។