Khmer

Revelation

8

1ពេលកូនចៀមបកត្រាទីប្រាំពីរ ស្រាប់តែមេឃស្ងប់អស់រយៈពេលប្រមាណជាកន្លះម៉ោង2ខ្ញុំក៏បានឃើញទេវតា ប្រាំពីររូបដែលឈរនៅខាងមុខព្រះជាម្ចាស់ ទទួលត្រែប្រាំពីរ។3មានទេវតា មួយរូបទៀតមកឈរនៅជិតអាសនៈ ទាំងកាន់ពានមាសមួយផង។ ទេវតានោះបានទទួលគ្រឿងក្រអូបជាច្រើន យកទៅថ្វាយ ជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។4ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវតា ឡើងទៅលើជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធនៅចំពោះព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់។5ទេវតាបានយកពាន ហើយយកភ្លើងពីអាសនៈ មកដាក់ពេញពាននោះរួចចាក់ទៅលើផែនដី ស្រាប់តែមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរព្រមទាំងមានរញ្ជួយផែនដីផង។6ទេវតាទាំងប្រាំពីរ ដែលកាន់ត្រែទាំងប្រាំពីរ នោះ ប្រុងប្រៀបផ្លុំ។7ទេវតាទីមួយផ្លុំត្រែឡើង ស្រាប់តែមានព្រឹល និង ភ្លើង លាយជាមួយឈាម ធ្លាក់មកលើផែនដី ផែនដីក៏ឆេះអស់មួយភាគបី ដើមឈើក៏ឆេះអស់មួយភាគបីហើយស្មៅខៀវខ្ចីទាំងប៉ុន្មានក៏ឆេះអស់ដែរ។8ទេវតាទីពីរផ្លុំត្រែឡើង ស្រាប់តែមានដូចជាភ្នំមួយយ៉ាងធំដែលកំពុងតែឆេះធ្លាក់ទៅក្នុងសមុទ្រ ទឹកសមុទ្រមួយភាគបី ក៏ក្លាយទៅជាឈាម9សត្វទាំងឡាយដែលមានជីវិតរស់នៅក្នុងសមុទ្រ ត្រូវស្លាប់អស់មួយភាគបី ហើយនាវាក៏ត្រូវវិនាសបង់អស់មួយភាគបីដែរ។10ទេវតាទីបីផ្លុំត្រែឡើង ស្រាប់តែមានផ្កាយមួយយ៉ាងធំដែលកំពុងតែឆេះដូចចន្លុះ ធ្លាក់ពីលើមេឃមក។ ផ្កាយនោះធ្លាក់មកក្នុងទន្លេទាំងឡាយអស់មួយភាគបី ហើយក៏ធ្លាក់មកលើប្រភពទឹកនានាដែរ។11ផ្កាយនោះមានឈ្មោះថា «ផ្លែស្លែង» ទឹកមួយភាគបីបានក្លាយទៅជាពុល បណ្ដាលអោយមនុស្សជាច្រើនស្លាប់ ព្រោះតែជាតិល្វីងរបស់ទឹកទាំងនោះ។12ទេវតាទីបួនផ្លុំត្រែឡើងស្រាប់តែព្រះអាទិត្យបាត់រស្មីអស់មួយភាគបី ហើយព្រះច័ន្ទ និង ផ្កាយក៏បាត់រស្មីមួយភាគបីដែរធ្វើអោយងងឹតអស់មួយភាគបី គឺពេលថ្ងៃនឹងងងឹតអស់មួយភាគបី ហើយពេលយប់ក៏នឹងងងឹតអស់មួយភាគបីដែរ។13ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសត្វឥន្ទ្រីមួយហើរកាត់អាកាសវេហាស៍ ទាំងស្រែកឡើងយ៉ាងខ្លាំងៗថាៈ «វេទនាហើយ! វេទនាហើយ! មនុស្សនៅលើផែនដីនឹងត្រូវវេទនាហើយ ព្រោះតែសំឡេងត្រែឯទៀតៗដែលទេវតាទាំងបីរូបហៀបនឹងផ្លុំ!»។