1ក្រោយមកទៀត ខ្ញុំឃើញទេវតា បួនរូបឈរនៅទិសទាំងបួននៃផែនដី។ ទេវតាទាំងនោះនាំគ្នាទប់ខ្យល់ទាំងបួនទិស កុំអោយបក់បោកមកលើផែនដី មកលើសមុទ្រ ឬ មកលើដើមឈើណាមួយឡើយ។2បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបទៀតឡើងពីទិសខាងកើតមក ទាំងកាន់ត្រារបស់ព្រះដ៏មានព្រះជន្មគង់នៅផង។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងៗ ទៅកាន់ទេវតាទាំងបួន ដែលបានទទួលអំណាចធ្វើទុក្ខទោសផែនដី និង សមុទ្រថា៖3«សូមកុំអាលធ្វើទុក្ខទោសផែនដីសមុទ្រ ឬ ដើមឈើណាឡើយ ចាំយើងបោះត្រាសំគាល់លើថ្ងាសពួកអ្នកបំរើរបស់ព្រះជាម្ចាស់នៃយើងហើយសិន»។4ពេលនោះ ខ្ញុំក៏ឮថាអស់អ្នកដែលត្រូវគេបោះត្រាសំគាល់ មានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល គឺ5មានត្រាសំគាល់មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធយូដា មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធរូបេន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធកាដ6មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអេស៊ើរ មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធណែបថាលី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធម៉ាណាសេ7មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធស៊ីម្មាន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធលេវី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអ៊ីសាខារ8មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធសាប់យូឡូន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធយ៉ូសែប និង មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ដែលគេបានបោះត្រាសំគាល់។9ក្រោយមកទៀត ខ្ញុំមើលទៅ ឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និង ពីគ្រប់ភាសា។ ពួកគេពាក់អាវសវែងឈរនៅមុខបល្ល័ង្ក និង នៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។10គេនាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗ ថា៖ «មានតែព្រះនៃយើងដែលគង់នៅលើបល្ល័ង្ក និង កូនចៀមប៉ុណ្ណោះទេដែលសង្គ្រោះយើង»។11ពេលនោះ ទេវតាទាំងប៉ុន្មានដែលឈរនៅជុំវិញបល្ល័ង្ក ជុំវិញពួកព្រឹទ្ធាចារ្យ និង ជុំវិញសត្វមានជីវិតទាំងបួន នាំគ្នាក្រាបនៅមុខបល្ល័ង្ក ទាំងអោនមុខដល់ដីថ្វាយបង្គំព្រះជាម្ចាស់12ហើយពោលថា៖ «អាម៉ែន! សូមកោតសរសើរ សូមលើកតម្កើងសិរីរុងរឿងព្រះប្រាជ្ញាញាណ សូមអរព្រះគុណ សូមលើកតម្កើងព្រះកិត្ដិនាម ឫទ្ធានុភាព និង ឥទ្ធិឫទ្ធិរបស់ព្រះនៃយើងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។13ព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍សួរខ្ញុំថា៖ «តើអស់អ្នកដែលពាក់អាវសវែងនោះ ជានរណា ហើយគេមកពីណា?»។14ខ្ញុំក៏ជំរាបលោកថា៖ «លោកម្ចាស់ខ្ញុំអើយ លោកទេតើដែលជ្រាប»។ លោកក៏ប្រាប់ខ្ញុំថា៖ «ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនអោយបានសស្អាត ក្នុងព្រះលោហិតរបស់កូនចៀម។15ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និង គោរពបំរើព្រះអង្គទាំងថ្ងៃទាំងយប់ នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក នឹងទទួលគេអោយជ្រកកោនក្នុង ព្រះពន្លា របស់ព្រះអង្គ។16ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និង កំដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ17ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ។