1«ចូរសរសេរទៅកាន់ទេវតា របស់ក្រុមជំនុំនៅក្រុងអេភេសូ ដូចតទៅ៖ ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដំា ហើយដែលយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថាៈ2"យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដ ហើយក៏ស្គាល់ការនឿយហត់ និង ការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រំាទ្រនឹងមនុស្សអាក្រក់បានឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាសាវ័ក ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។3អ្នកមានចិត្ដព្យាយាម អ្នកបានរងទុក្ខលំបាក ព្រោះតែនាមយើងឥតបាក់ទឹកចិត្ដសោះឡើយ។4ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកលែងមានចិត្ដស្រឡាញ់ ដូចអ្នកមាន កាលពីដើមដំបូង។5ដូច្នេះ ចូរនឹកគិតឡើងវិញថា តើអ្នកបានធ្លាក់ចុះពីណាមក ចូរកែប្រែចិត្ដគំនិត ហើយប្រព្រឹត្ដអំពើដែលអ្នកធ្លាប់ប្រព្រឹត្ដ កាលពីដើមនោះឡើងវិញ។ បើពុំនោះទេ យើងនឹងមករកអ្នកហើយបើអ្នកមិនកែប្រែចិត្ដគំនិតទេនោះ យើងនឹងយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងវាជាមិនខាន។6ក៏ប៉ុន្ដែ យើងសរសើរអ្នកត្រង់កន្លែងមួយគឺអ្នកស្អប់អំពើដែលពួកនីកូឡាស ប្រព្រឹត្ដ យើងក៏ស្អប់អំពើទាំងនោះដែរ។7ចូរផ្ទៀងត្រចៀកស្ដាប់សសេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំ ទាំងនេះអោយមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងអោយអ្នកនោះបរិភោគផ្លែឈើ ដែលបេះពីដើមនៃជីវិត នៅក្នុងសួនឧទ្យាន របស់ព្រះជាម្ចាស់"»។8«ចូរសរសេរទៅកាន់ទេវតា របស់ក្រុមជំនុំ នៅក្រុងស្មៀរណាដូចតទៅនេះ៖ ព្រះអង្គដែលគង់នៅមុនគេ និង នៅក្រោយគេបំផុតគឺព្រះអង្គដែលបានសោយទិវង្គត និង មានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលថាៈ9"យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និង ដឹងថាអ្នកកំសត់ទុគ៌ត តែតាមពិតអ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នកតែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់មារ សាតាំង។10កុំខ្លាចទុក្ខលំបាកដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា មារ នឹងចាប់អ្នកខ្លះ ក្នុងចំណោមអ្នករាល់គ្នា យកទៅឃុំឃំាង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្ដស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នក ទុកជាមកុដ។11ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះអោយមែនទែន!។ អ្នកណាមានជ័យជំនះ សេចក្ដីស្លាប់ទីពីរពុំអាចមកយាយីអ្នកនោះបានឡើយ"»។12«ចូរសរសេរទៅកាន់ទេវតា របស់ក្រុម នៅក្រុងពើកាម៉ុសដូចតទៅនេះ៖ ព្រះអង្គដែលមានដាវដ៏ស្រួចមុខពីរ ទ្រង់មានព្រះបន្ទូលថាៈ13"យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់មារ សាតាំង។ អ្នកនៅតែមានចិត្ដស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នក ចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលមារសាតាំងនៅ។14ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់ចំណុចខ្លះៗព្រោះក្នុងចំណោមអ្នក មានអ្នកខ្លះកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម។ បាឡាមនេះបានបង្រៀនបាឡាក់ អោយប្រើកលល្បិច ទាក់ទាញជនជាតិអ៊ីស្រាអែល អោយបរិភោគសាច់ដែលគេសែនព្រះក្លែងក្លាយ និង អោយប្រាសចាកសីលធម៌។15រីឯអ្នកវិញក៏ដូច្នោះដែរ គឺក្នុងចំណោមអ្នក មានអ្នកខ្លះបានកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសរបៀបនេះដូចគ្នា។16ដូច្នេះ ចូរកែប្រែចិត្ដគំនិតឡើង បើពុំនោះទេ យើងនឹងមករកអ្នកក្នុងពេលឆាប់ៗខាងមុខ ហើយយកដាវដែលចេញពីមាត់យើង មកប្រយុទ្ធនឹងអ្នកទាំងនោះទៀតផង។17ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំ ទាំងនេះអោយមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងអោយនំម៉ាណាដ៏លាក់កំបាំងទៅអ្នកនោះ ព្រមទាំងប្រគល់ក្រួសពណ៌សមួយដុំអោយដែរ នៅលើដុំក្រួសនោះ មានចារឹកឈ្មោះមួយថ្មី ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ វៀរលែងតែអ្នកដែលបានទទួលនោះចេញ"»។18«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ា ដូចតទៅនេះ៖ ព្រះបុត្រារបស់ព្រះជាម្ចាស់ គឺព្រះអង្គដែលមានព្រះនេត្រភ្លឺដូចអណ្ដាតភ្លើង និង ព្រះបាទាដូចលង្ហិនទ្រង់មានព្រះបន្ទូលថាៈ19"យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ យើងដឹងថា អ្នកមានចិត្ដស្រឡាញ់មានជំនឿ ចេះបំរើអ្នកដទៃ មានចិត្ដព្យាយាម។ យើងដឹងទៀតថាអំពើដែលអ្នកប្រព្រឹត្ដថ្មីៗនេះ មានចំនួនច្រើនលើសមុនទៅទៀត។20ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកបណ្ដោយអោយនាងយេសិបិល ជាស្រីដែលតាំងខ្លួនជាព្យាការិនី បង្រៀន និង បញ្ឆោតពួកអ្នកបំរើរបស់យើងអោយវង្វេង អោយប្រាសចាកសីលធម៌ និង បរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ។21យើងបានទុកពេលអោយស្ដ្រីនោះកែប្រែចិត្ដគំនិត តែនាងពុំព្រមកែប្រែចិត្ដគំនិតឡើយ នាងនៅតែប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ដដែល។22ហេតុនេះ យើងនឹងធ្វើអោយនាងឈឺដេកលើគ្រែយ៉ាងសែនវេទនា ហើយធ្វើអោយពួកអ្នកដែលរួមផិតក្បត់ជាមួយនាង វេទនាដូចគ្នាដែរ លើកលែងតែគេកែប្រែចិត្ដឈប់ប្រព្រឹត្ដអំពើនោះជាមួយនាងទៀត។23យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្ដថ្លើមរបស់មនុស្ស ហើយយើងផ្ដល់អោយអ្នករាល់គ្នាទទួលផលម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ដ។24ចំពោះអ្នកមួយចំនួនទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធាទេរ៉ាដែលពុំបានជំពាក់ចិត្ដនឹងលទ្ធិនោះ ហើយក៏ពុំបានស្គាល់ "សេចក្ដីជ្រៅជ្រះរបស់មារសាតាំង" ដូចពាក្យគេនិយាយ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីលើអ្នករាល់គ្នាទៀតទេ25គឺគ្រាន់តែកាន់តាមអ្វីៗដែលអ្នករាល់គ្នាមានអោយខ្ជាប់ខ្ជួន រហូតដល់ពេលយើងមកដល់ប៉ុណ្ណោះបានហើយ។26អ្នកណាមានជ័យជំនះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ចុងបញ្ចប់ យើងនឹងអោយអ្នកនោះមានអំណាចគ្រប់គ្រងលើប្រជាជាតិនានា27គេនឹងដឹកនាំ ប្រជាជាតិទាំងនោះ ដោយដំបងដែកដូចគេកំទេចភាជន៍ធ្វើពីដីឥដ្ឋ។28អ្នកនោះមានអំណាច ដូចអំណាច ដែលយើងបានទទួលពីព្រះបិតារបស់យើងហើយយើងនឹងប្រគល់ផ្កាយព្រឹកអោយអ្នកនោះ។29ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះ អោយមែនទែន!"»។