1«ចូរសរសេរទៅកាន់ទេវតា របស់ក្រុមជំនុំនៅក្រុងសើដេស ដូចតទៅនេះ៖ ព្រះអង្គដែលមានព្រះវិញ្ញាណ ទាំងប្រាំពីររបស់ព្រះជាម្ចាស់ និង មានផ្កាយទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថាៈ"យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះ ហើយអ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។2ចូរភ្ញាក់ស្មារតី! ចូរពង្រឹងអ្វីៗ ដែលនៅសល់ ហើយហៀបនឹងស្លាប់នោះអោយមំាមួនឡើង ដ្បិតយើងឃើញថា អំពើដែលអ្នកបានប្រព្រឹត្ដ មិនគ្រប់លក្ខណៈនៅ ចំពោះ ព្រះភ័ក្ដ្រព្រះជាម្ចាស់របស់យើងទេ។3ដូច្នេះ ចូរនឹកគិតអំពីរបៀបដែលអ្នកបានទទួល និង បានឮព្រះបន្ទូល ហើយប្រតិបត្ដិតាម រួចកែប្រែចិត្ដគំនិតទៅ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចចោរចូលលួចគឺអ្នកពុំដឹងថា យើងនឹងមកដល់ថ្មើរណាឡើយ។4ក៏ប៉ុន្ដែ នៅក្រុងសើដេសនេះ មានអ្នកខ្លះក្នុងចំណោមអ្នក ពុំបានធ្វើអោយសម្លៀកបំពាក់ខ្លួនប្រឡាក់ទេគឺគេនឹងដើរជាមួយយើង ដោយមានសម្លៀកបំពាក់ពណ៌ស ព្រោះគេសមនឹងស្លៀកពាក់បែបនេះ។5ហេតុនេះ អ្នកណាមានជ័យជំនះ អ្នកនោះនឹងមានសម្លៀកបំពាក់ពណ៌ស យើងនឹងមិនលុបឈ្មោះគេចេញពីក្រាំងជីវិតឡើយ ហើយយើងនឹងទទួលស្គាល់ឈ្មោះអ្នកនោះ នៅចំពោះព្រះភ័ក្ដ្រព្រះបិតារបស់យើង និង នៅចំពោះមុខពួកទេវតារបស់ព្រះអង្គ។6ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះអោយមែនទែន!"»។7«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ នៅក្រុងភីឡាដិលភាដូចតទៅនេះ៖ ព្រះដ៏វិសុទ្ធ ព្រះដ៏ពិតប្រាកដ ព្រះអង្គដែលកាន់កូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មាននរណាបិទបាន បើព្រះអង្គបិទ គ្មាននរណាបើកបាន ទ្រង់មានព្រះបន្ទូលថាៈ8"យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ មើល៍! យើងបានបើកទ្វារចំហនៅមុខអ្នកហើយ គ្មាននរណាអាចបិទបានទេ។ អ្នកមានអំណាចតិចមែន តែអ្នកបានប្រតិបត្ដិតាមពាក្យយើង ហើយមិនបានបដិសេធថា មិនស្គាល់ឈ្មោះយើងផង។9យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់មារ សាតាំងមកអោយអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិតគេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងអោយអ្នកទាំងនោះ មកក្រាបនៅទៀបជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។10ដោយអ្នកបានព្យាយាមប្រតិបត្ដិតាមពាក្យយើង យើងក៏រក្សាអ្នកអោយរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភពលោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។11យើងនឹងមកដល់ក្នុងពេលឆាប់ៗអ្វីៗដែលអ្នកមានចូរកាន់អោយបានខ្ជាប់ខ្ជួន ដើម្បីកុំអោយនរណាដណ្ដើមយកមកុដរបស់អ្នកបាន។12អ្នកណាមានជ័យជំនះ យើងតាំងអ្នកនោះអោយធ្វើជាសសរមួយ នៅក្នុងព្រះវិហារ នៃព្រះរបស់យើងហើយគេនឹងមិនចាកចេញពីព្រះវិហារនេះទៀតឡើយ។ យើងនឹងចារឹកព្រះនាមនៃព្រះរបស់យើង និង ឈ្មោះក្រុងនៃព្រះរបស់យើងលើអ្នកនោះ គឺក្រុងយេរូសាឡឹមថ្មីដែលចុះពីស្ថានបរមសុខ ចុះមកពីព្រះរបស់យើង។ យើងក៏នឹងចារឹកនាមថ្មីរបស់យើង លើអ្នកនោះដែរ។13ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះអោយមែនទែន!"»។14«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ នៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ ព្រះអាម៉ែន ជាបន្ទាល់ដ៏ស្មោះត្រង់ និង ពិតប្រាកដ ហើយជាដើមកំណើតនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ទ្រង់មានព្រះបន្ទូលថាៈ15"យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ គឺអ្នកត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅ។ ប្រសិនបើអ្នកពិតជាត្រជាក់ ឬ ពិតជាក្ដៅ នោះប្រសើរជាង!16ដោយអ្នកនៅឧណ្ហៗ ត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅដូច្នេះ យើងនឹងខ្ជាក់អ្នកចោលជាមិនខាន17ព្រោះអ្នកពោលថា"ខ្ញុំជាអ្នកមានខ្ញុំមានស្ដុកស្ដម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ"អ្នកពុំដឹងថាខ្លួនកំពុងតែវេទនារហេមរហាមក្រតោកយ៉ាក ខ្វាក់ភ្នែក គ្មានសម្លៀកបំពាក់បិទបាំងកាយនោះឡើយ។18យើងសុំទូន្មានអ្នកអោយមករកទិញមាសពីយើង ជាមាសដែលសម្រាំងនៅក្នុងភ្លើងដើម្បីអោយបានទៅជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌ស មកស្លៀកពាក់បិទបាំងកេរ្ដិ៍ខ្មាសរបស់អ្នកកុំអោយនៅខ្លួនទទេដូច្នេះ។ ចូរមករកទិញថ្នាំដាក់ភ្នែកពីយើងផងដែរ ដើម្បីអោយអ្នកមើលឃើញច្បាស់។19យើងស្ដីបន្ទោស និង ប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្ដក្លាហានហើយកែប្រែចិត្ដគំនិតឡើង!។20មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារអោយ យើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។21អ្នកណាមានជ័យជំនះ យើងនឹងអោយអង្គុយនៅលើបល្ល័ង្ករួមជាមួយយើងដូចយើងមានជ័យជំនះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយព្រះបិតារបស់យើងដែរ»។22ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះអោយមែនទែន!"»។