Khmer

Revelation

4

1បន្ទាប់មក ខ្ញុំឃើញទ្វារមួយបើកចំហនៅស្ថានបរមសុខ ហើយសំឡេងដែលខ្ញុំបានឮកាលពីមុនដូចស្នូរត្រែ បន្លឺមកកាន់ខ្ញុំថាៈ «សូមឡើងមកនេះ! យើងនឹងបង្ហាញអោយអ្នកឃើញហេតុការណ៍ដែលត្រូវកើតមាន នៅពេលខាងមុខ»។2រំពេចនោះ ព្រះវិញ្ញាណបានធ្វើអោយខ្ញុំលង់ស្មារតី។ ខ្ញុំឃើញបល្ល័ង្កមួយនៅស្ថានបរមសុខ ហើយមានព្រះមួយអង្គ គង់នៅលើបល្ល័ង្កនោះ។3ព្រះអង្គដែលគង់នៅលើបល្ល័ង្ក មើលទៅដូចជាត្បូងមណីជោតិរស និង ត្បូងទទឹម ហើយមានឆព្វណ្ណរង្សី ភ្លឺដូចកែវមរកត ព័ទ្ធជុំវិញបល្ល័ង្កនោះដែរ។4នៅជុំវិញបល្ល័ង្កមានបល្ល័ង្កម្ភៃបួនទៀត ហើយមានព្រឹទ្ធាចារ្យ ម្ភៃបួនរូប អង្គុយនៅលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ពណ៌ស និង ពាក់មកុដមាសផង។5មានផ្លេកបន្ទោរ មានសំឡេង ព្រមទាំងផ្គរលាន់ចេញពីបល្ល័ង្កនោះមក។ នៅមុខបល្ល័ង្ក មានចង្កៀងប្រាំពីរកំពុងឆេះយ៉ាងភ្លឺ ចង្កៀងទាំងនោះ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់។6នៅមុខបល្ល័ង្ក មានដូចជាសមុទ្រ ភ្លឺថ្លាដូចកែវចរណៃ។ នៅចំកណ្ដាល និង នៅជុំវិញបល្ល័ង្កមានសត្វមានជីវិតបួនរូបដែលមានភ្នែកពេញខ្លួន ទាំងមុខទាំងក្រោយ។7សត្វមានជីវិតទីមួយមានរូបរាងស្រដៀងនឹងសឹង្ហ សត្វមានជីវិតទីពីរស្រដៀងនឹងកូនគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស សត្វមានជីវិតទីបួនស្រដៀងនឹងឥន្ទ្រីដែលកំពុងតែហើរ។8សត្វមានជីវិតទាំងបួននោះ មានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួន ទាំងខាងក្រៅ ទាំងខាងក្នុងរៀងៗខ្លួន។ គេចេះតែនាំគ្នាស្រែកឥតឈប់ឈរ ទាំងថ្ងៃទាំងយប់ថាៈ «ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះជាអម្ចាស់ ទ្រង់មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ទ្រង់គង់នៅសព្វថ្ងៃ ហើយកំពុងតែយាងមក!»។9ពេលណាសត្វមានជីវិតទាំងនោះលើកតម្កើងសិរីរុងរឿង ព្រះកិត្ដិនាម និង អរព្រះគុណព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។10ព្រឹទ្ធាចារ្យទាំងម្ភៃបួនរូបនាំគ្នាក្រាបចុះនៅមុខព្រះអង្គដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងដោះមកុដរបស់ខ្លួនដាក់នៅមុខបល្ល័ង្កហើយពោលថាៈ11«បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្ដិនាម និង ឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។