Khmer

Revelation

5

1បន្ទាប់មក ខ្ញុំឃើញក្រាំងមួយនៅក្នុងព្រះហស្ដស្ដាំរបស់ព្រះអង្គដែលគង់នៅលើបល្ល័ង្កក្រាំងនោះមានសរសេរអក្សរ ទាំងខាងក្នុង ទាំងខាងក្រៅ ព្រមទាំងមានបោះត្រាប្រាំពីរបិទភ្ជាប់ពីលើផង។2បន្ទាប់មកទៀត ខ្ញុំឃើញទេវតាដ៏ខ្លាំងពូកែមួយរូបប្រកាសយ៉ាងខ្លាំងថា៖ «តើនរណាមានឋានៈសមនឹងបកត្រាចេញ ហើយបើកក្រាំងនេះបាន?»។3ប៉ុន្ដែ ទោះបីនៅស្ថានសួគ៌ក្ដី នៅលើផែនដី ឬ នៅក្រោមដីក្ដីគ្មាននរណាម្នាក់អាចបើកក្រាំង ឬ មើលក្រាំងនោះបានឡើយ។4ពេលនោះ ខ្ញុំស្រែកយំយ៉ាងខ្លាំង ព្រោះគ្មាននរណាម្នាក់មានឋានៈសមនឹងបើកក្រាំង ឬ មើលក្រាំងនោះបានទេ។5ស្រាប់តែមានព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍មកខ្ញុំថា៖ «កុំយំអី! មើលហ្ន៎ សឹង្ហដែលកើតនៅក្នុងកុលសម្ព័ន្ធយូដា ជាពន្លកដុះចេញពីស្ដេចដាវីឌ ព្រះអង្គមានជ័យជំនះអាចនឹងបកត្រាទាំងប្រាំពីរហើយបើកក្រាំងបាន»។6បន្ទាប់មកខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និង នៅកណ្ដាលពួកព្រឹទ្ធាចារ្យ។ កូនចៀម នោះមើលទៅ ដូចជាគេបានសម្លាប់ធ្វើយញ្ញបូជា រួចហើយ មានស្នែងប្រាំពីរ និង ភ្នែកប្រាំពីរ ជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ ដែលព្រះអង្គចាត់អោយយាងទៅពាសពេញលើផែនដី។7កូនចៀមនោះបានយាងមកទទួលយកក្រាំងពីព្រះហស្ដស្ដំារបស់ព្រះអង្គដែលគង់នៅលើបល្ល័ង្ក។8កាលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និង ពួកព្រឹទ្ធាចារ្យទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ពិណមួយ និង កាន់ពែងមាស ពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យអធិស្ឋាន របស់ប្រជាជនដ៏វិសុទ្ធ ។9គេនាំគ្នាច្រៀងបទចំរៀងថ្មីថាៈ "ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និង ពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។10ព្រះអង្គបានធ្វើអោយគេទៅជារាជាណាចក្រ និង ជាក្រុមបូជាចារ្យ បំរើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី"។11ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសំឡេងទេវតា យ៉ាងច្រើននៅជុំវិញបល្ល័ង្ក ជុំវិញសត្វមានជីវិត និង ជុំវិញពួកព្រឹទ្ធាចារ្យ។ ទេវតាទាំងនោះមានចំនួនរាប់ម៉ឺនរាប់សែន ច្រើនអនេកអនន្ដ12នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថាៈ«កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាពរាជសម្បត្ដិព្រះប្រាជ្ញាញាណឥទ្ធិឫទ្ធិ ព្រះកិត្ដិនាមសិរីរុងរឿង និង ការសរសើរតម្កើង»។13ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាន នៅស្ថានសួគ៌ នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថាៈ «សូមព្រះអង្គដែលគង់លើបល្ល័ង្ក និង កូនចៀមទទួលពាក្យសរសើរតម្កើងព្រះកិត្ដិនាម សិរីរុងរឿង និង ព្រះចេស្ដា អស់កល្បជាអង្វែងតរៀងទៅ!»។14បន្ទាប់មក សត្វមានជីវិតទាំងបួនពោលឡើងថា «អាម៉ែន!» ហើយព្រឹទ្ធាចារ្យក៏នាំគ្នាក្រាបថ្វាយបង្គំ។