1ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថាដោយព្រះជាម្ចាស់មានព្រះហឫទ័យអាណិតអាសូរបងប្អូន ចូរថ្វាយខ្លួនទៅព្រះអង្គ ទុកជាយញ្ញបូជាដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបំរើព្រះអង្គតាមរបៀបត្រឹមត្រូវមែន។2មិនត្រូវយកតំរាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកអោយព្រះជាម្ចាស់កែប្រែចិត្ដគំនិតបងប្អូនអោយទៅជាថ្មីទាំងស្រុងវិញ ដើម្បីអោយបងប្អូនចេះពិចារណាមើលថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្វីខ្លះគឺអ្វីដែលល្អ ដែលគាប់ព្រះហឫទ័យព្រះអង្គ និង គ្រប់លក្ខណៈ។3ខ្ញុំសូមជំរាបបងប្អូន តាមព្រះអំណោយទានដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំថា ម្នាក់ៗមិនត្រូវលើកតម្លៃខ្លួនឯងខ្ពស់ ហួសពីគំនិតដែលត្រូវគិតនោះឡើយ តែត្រូវគិតអោយបានសមរម្យតាមកំរិតនៃជំនឿ ដែលព្រះជាម្ចាស់ប្រទានអោយម្នាក់ៗ។4រូបកាយមនុស្សយើងមានសរីរាង្គច្រើន ហើយសរីរាង្គនីមួយៗមានមុខងារខុសៗគ្នាយ៉ាងណា5យើងក៏ដូច្នោះដែរ យើងមានគ្នាច្រើនរួមជាព្រះកាយតែមួយក្នុងអង្គព្រះគ្រិស្ដ ហើយម្នាក់ៗជាសរីរាង្គរបស់គ្នាទៅវិញទៅមក។6យើងមានព្រះអំណោយទានប្លែកៗពីគ្នា ស្របតាមព្រះគុណដែលព្រះជាម្ចាស់ប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែង ព្រះបន្ទូល ត្រូវថ្លែងអោយស្របតាមជំនឿ7អ្នកណាទទួលព្រះអំណោយទានខាងបំរើ ចូរបំរើទៅ អ្នកណាទទួលព្រះអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ8អ្នកដែលលើកទឹកចិត្ដបងប្អូន ចូរលើកទឹកចិត្ដគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្ដស្មោះសរអ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្ដខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រចូរចែកអោយគេដោយចិត្ដត្រេកអរ។9ចូរមានចិត្ដស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្ដតែនឹងអ្វីៗដែលល្អវិញ។10ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្ដិយសគ្នាទៅវិញទៅមកដោយចិត្ដគោរព។11ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជឹលច្រអូសឡើយ។ ត្រូវបំរើព្រះអម្ចាស់ដោយចិត្ដក្លៀវក្លា។12ចូរសប្បាយរីករាយដោយចិត្ដសង្ឃឹម។ ចូរកាន់ចិត្ដអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន ។13ត្រូវជួយទំនុកបំរុងប្រជាជនដ៏វិសុទ្ធ ដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។14ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូនត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។15ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។16ត្រូវមានចិត្ដគំនិតចុះសំរុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយតែត្រូវចាប់ចិត្ដនឹងអ្វីៗដែលទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាជាអ្នកមានប្រាជ្ញាឡើយ។17កុំប្រព្រឹត្ដអំពើអាក្រក់តបនឹងអំពើអាក្រក់ ត្រូវគិតតែពីប្រព្រឹត្ដអំពើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ។18ផ្នែកឯខាងបងប្អូន ប្រសិនបើបងប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខសាន្ដជាមួយមនុស្សទាំងអស់ទៅ។19បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកអោយព្រះជាម្ចាស់សំដែងព្រះពិរោធចំពោះគេវិញ ដ្បិតមានចែងទុកមកថាៈ «ព្រះអម្ចាស់មានព្រះបន្ទូលថា "ការសងសឹកស្រេចតែលើយើង គឺយើងទេតើដែលនឹងតបទៅគេ"។20ផ្ទុយទៅវិញ "ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកម្ហូបអាហារអោយគេបរិភោគទៅ ប្រសិនបើគេស្រេក ចូរអោយទឹកគេផឹកផងធ្វើដូច្នេះ ប្រៀបបីដូចជាប្រមូលរងើកភ្លើទៅដាក់ពីលើក្បាលរបស់គេ"»។21មិនត្រូវចាញ់ការអាក្រក់ឡើយ គឺត្រូវឈ្នះការអាក្រក់ ដោយប្រព្រឹត្ដអំពើល្អវិញ។