Khmer

Romans

11

1ដូច្នេះ ខ្ញុំសូមសួរថា តើព្រះជាម្ចាស់បានបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គហើយឬ? ទេ ព្រះអង្គមិនបោះបង់ចោលគេទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិអ៊ីស្រាអែលដែរ ខ្ញុំជាពូជពង្សរបស់លោកអប្រាហាំ កើតក្នុងកុលសម្ព័ន្ធ បេនយ៉ាមីន។2ព្រះជាម្ចាស់ពុំបានបោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គ ជាប្រជារាស្ដ្រដែលព្រះអង្គជ្រើសរើសទុកជាមុននោះឡើយ។ តើបងប្អូនមិនជ្រាបសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ ស្ដីអំពីព្យាការី អេលីយ៉ាទូលព្រះជាម្ចាស់ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? គឺលោកទូលថាៈ3«បពិត្រព្រះអម្ចាស់ ពួកគេបាននាំគ្នាសម្លាប់ព្យាការីទាំងឡាយរបស់ព្រះអង្គ និង រំលំអាសនៈរបស់ព្រះអង្គ។ មានតែទូលបង្គំម្នាក់គត់ ដែលបានរួចខ្លួន តែពួកគេរកផ្ដាច់ជីវិតទូលបង្គំទៀត!»។4តើព្រះជាម្ចាស់តបទៅលោកវិញដូចម្ដេច? គឺព្រះអង្គមានព្រះបន្ទូលថាៈ «យើងបានបំរុងទុកមនុស្សប្រាំពីរពាន់នាក់ អ្នកទាំងនេះពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាលឡើយ»។5រីឯបច្ចុប្បន្នកាលនេះក៏ដូច្នោះដែរ គឺមាននៅសល់មនុស្សមួយចំនួនដែលព្រះជាម្ចាស់បានជ្រើសរើស តាមព្រះគុណរបស់ព្រះអង្គ។6ប្រសិនបើព្រះអង្គជ្រើសរើសគេ ដោយព្រះគុណដូច្នេះ បានសេចក្ដីថាមិនមែនមកពីគេប្រព្រឹត្ដតាមវិន័យឡើយ។ បើមកពីគេប្រព្រឹត្ដតាមវិន័យ ព្រះគុណលែងមានលក្ខណៈជាព្រះគុណទៀតហើយ។7ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? អ្វីៗដែលសាសន៍អ៊ីស្រាអែលខំស្វែងរកនោះ គេមិនបានទទួលទេ។ មានតែអ្នកដែលព្រះជាម្ចាស់ជ្រើសរើសប៉ុណ្ណោះទើបបានទទួល រីឯអ្នកឯទៀត ព្រះអង្គធ្វើអោយគេមានចិត្ដរឹងរូសវិញ8ដូចមានចែងទុកមកថាៈ «ព្រះជាម្ចាស់ទ្រង់ធ្វើអោយគេមានវិញ្ញាណ ស្ពឹកស្រពន់អោយភ្នែកគេមើលពុំឃើញ និង អោយត្រចៀកគេស្ដាប់ពុំឮ រហូតមកទល់ សព្វថ្ងៃនេះ»។9ព្រះបាទដាវីឌក៏មានរាជឱង្ការថាៈ «សូមអោយតុរបស់ពួកគេ ក្លាយទៅជាអន្ទាក់ឬជាមង ដែលនាំអោយគេរវាតចិត្ដបាត់ជំនឿ និង អោយគេមានទោស!។10សូមអោយភ្នែករបស់គេទៅជាងងឹត មើលលែងឃើញ ហើយសូមធ្វើអោយគេកោងខ្នង រហូតតទៅ»។11ដូច្នេះ ខ្ញុំសូមសួរថាសាសន៍យូដាដែលជំពប់ដួលតើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេ បាននាំអោយសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើអោយពួកគេមានចិត្ដច្រណែន។12ប្រសិនបើកំហុសរបស់សាសន៍យូដា នាំអោយពិភពលោកទទួលព្រះពរដ៏លើសលប់ ហើយការចុះអន់ថយរបស់គេ នាំអោយសាសន៍ដទៃ ទទួលព្រះពរដ៏លើសលប់យ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេបានចំរើនឡើងយ៉ាងពោរពេញវិញនោះ តើព្រះពរនឹងមានកាន់តែច្រើនលើសលប់យ៉ាងណាទៅទៀត?។13ខ្ញុំសូមជំរាបបងប្អូនជាសាសន៍ដទៃ ក្នុងនាមខ្ញុំជាសាវ័ក សំរាប់សាសន៍ដទៃថា ខ្ញុំយកចិត្ដទុកដាក់បំពេញមុខងាររបស់ខ្ញុំ អោយបានល្អប្រសើរ14ក្នុងគោលបំណងអោយបងប្អូនរួមឈាមរបស់ខ្ញុំច្រណែន ដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។15ដោយសាសន៍អ៊ីស្រាអែលដាច់ចេញពីព្រះអង្គទៅ ធ្វើអោយមនុស្សលោកបានជានានឹងព្រះអង្គវិញយ៉ាងនេះទៅហើយ ចុះចំណង់បើព្រះអង្គទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត?គឺប្រាកដជាមនុស្សស្លាប់នឹងរស់ឡើងវិញពុំខាន!16ប្រសិនបើ យើងយកផលដំបូងថ្វាយព្រះជាម្ចាស់ ម្សៅនំបុ័ងទាំងមូលក៏ជារបស់ព្រះអង្គដែរ ហើយប្រសិនបើឫសជារបស់ព្រះជាម្ចាស់ មែកក៏ជារបស់ព្រះអង្គដែរ។17សាសន៍អ៊ីស្រាអែលប្រៀបបីដូចជាដើមអូលីវ ដែលគេកាត់មែកខ្លះចោល រីឯអ្នកវិញ អ្នកប្រៀបបីដូចជាមែកអូលីវព្រៃ ត្រូវគេយកមកផ្សាំជំនួសមែក ដែលគេកាត់ចោលនោះ។ ឥឡូវនេះ អ្នកស្រូបយកជីជាតិពីឫសរួមជាមួយមែកឯទៀតៗដែរ18ដូច្នេះ អ្នកមិនត្រូវអួតខ្លួន ដោយមើលងាយមែកដែលគេកាត់ចោលនោះឡើយ។ បើអ្នកចង់អួតខ្លួន តោងដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេ តើដែលចិញ្ចឹមអ្នក!19ប្រហែលជាអ្នកពោលថា "ព្រះជាម្ចាស់បានកាត់មែកទាំងនោះចោលដើម្បីយកខ្ញុំមកផ្សាំជំនួស!"។20មែនហើយ! ព្រះអង្គកាត់មែកទាំងនោះចោល មកពីមែកទាំងនោះគ្មានជំនឿ រីឯអ្នកវិញ អ្នកនៅជាប់នឹងដើមមកពីអ្នកមានជំនឿ។ ដូច្នេះ កុំលើកខ្លួនសោះឡើយត្រូវភ័យខ្លាចវិញ។21ប្រសិនបើព្រះជាម្ចាស់ពុំបានទុកមែកពីកំណើតទេ ព្រះអង្គមុខជាពុំទុកអ្នកដែរ។22ដូច្នេះ សូមគិតពិចារណាអំពីព្រះហឫទ័យសប្បុរស និង ព្រះហឫទ័យប្រិតប្រៀបរបស់ព្រះជាម្ចាស់ទៅ។ ព្រះអង្គប្រិតប្រៀបចំពោះអស់អ្នកដែលដួល ហើយទ្រង់មានព្រះហឫទ័យសប្បុរសចំពោះអ្នក លុះត្រាណាអ្នកនៅតែពឹងផ្អែកលើព្រះហឫទ័យសប្បុរសនេះ។ បើមិនដូច្នោះទេ ព្រះអង្គនឹងកាត់អ្នកចោលដែរ។23ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្ដ មិនជឿនោះចោល ព្រះជាម្ចាស់មុខតែផ្សាំគេវិញជាមិនខានដ្បិតព្រះអង្គមានឫទ្ធានុភាពអាចនឹងផ្សាំពួកគេសាជាថ្មីបាន។24រីឯអ្នក បើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវព្រះអង្គកាត់យកមកផ្សំានឹងដើមអូលីវស្រុកដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេវិញ ព្រះអង្គនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។25បងប្អូនអើយ ខ្ញុំចង់អោយបងប្អូនជ្រាបយ៉ាងច្បាស់ពីគំរោងការដ៏លាក់កំបាំងនេះ ក្រែងលោបងប្អូនស្មានថាខ្លួនឯងមានប្រាជ្ញា។ គំរោងការដ៏លាក់កំបាំងនោះ គឺ សាសន៍អ៊ីស្រាអែលមួយចំនួនមានចិត្ដរឹងរូសរហូតដល់ពេលសាសន៍ដទៃទាំងអស់បានចូលមកទទួលការសង្គ្រោះ26ពេលនោះទើបសាសន៍អ៊ីស្រាអែលទាំងមូលនឹងទទួលការសង្គ្រោះដែរ ដូចមានចែងទុកមកថាៈ «ព្រះអង្គដែលរំដោះនឹងយាងចេញពី ក្រុងស៊ីយ៉ូន ព្រះអង្គនឹងដកអំពើទមិឡ ចេញពីកូនចៅ លោកយ៉ាកុប27នេះហើយជាសម្ពន្ធមេត្រី ដែលយើងនឹង ចងជាមួយពួកគេ នៅពេលដែលយើងដកអំពើបាប ចេញពីពួកគេ»។28បើគិតតាមដំណឹងល្អ សាសន៍អ៊ីស្រាអែលជាសត្រូវនឹងព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ ព្រះជាម្ចាស់ស្រឡាញ់គេ មកពីព្រះអង្គគិតដល់បុព្វបុរសរបស់គេ។29កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួលដែរ។30រីឯបងប្អូនពីដើមបងប្អូនមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ តែឥឡូវនេះ ដោយសាសន៍អ៊ីស្រាអែលមិនស្ដាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏មេត្ដាករុណាដល់បងប្អូន។31រីឯពួកគេវិញ ពួកគេមិនស្ដាប់បង្គាប់នៅពេលនេះ មកពីព្រះជាម្ចាស់មេត្ដាករុណាដល់បងប្អូន។ ដូច្នេះ ព្រះអង្គក៏មេត្ដាករុណាដល់ពួកគេនៅពេលនេះដែរ32ដ្បិតព្រះជាម្ចាស់បានបណ្ដោយអោយមនុស្សទាំងអស់មិនស្ដាប់បង្គាប់ព្រះអង្គ ដើម្បីសំដែងព្រះហឫទ័យមេត្ដាករុណាដល់មនុស្សទាំងអស់។33ព្រះហឫទ័យទូលាយរបស់ព្រះជាម្ចាស់ ជ្រៅពន់ពេកណាស់ ហើយព្រះប្រាជ្ញាញាណ និង ព្រះតំរិះរបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសំរេចរបស់ព្រះអង្គបានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់ព្រះអង្គបានដែរ!34តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ?35តើនរណាបានថ្វាយអ្វីមួយទៅព្រះអង្គ ដើម្បីអោយព្រះអង្គតបស្នងសងគុណវិញ?។36អ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ ដោយសារព្រះអង្គ និង សំរាប់ព្រះអង្គ!។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច! អាម៉ែន!។