Khmer

Romans

10

1បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ដចង់តែអោយសាសន៍អ៊ីស្រាអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូលអង្វរព្រះជាម្ចាស់អោយពួកគេដែរ។2ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្ដខ្នះខ្នែងបំរើព្រះជាម្ចាស់ខ្លាំងណាស់ តែគេបំរើទាំងល្ងិតល្ងង់។3ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកអោយបានសុចរិត ពួកគេខំប្រឹងធ្វើអោយខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សអោយបានសុចរិតនេះទេ។4ក្រឹត្យវិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះគ្រិស្ដ ដើម្បីអោយអស់អ្នកដែលជឿបានសុចរិត។5លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យ ថាៈ «អ្នកណាប្រតិបត្ដិតាមអ្វីៗដែល មានចែងទុកក្នុងក្រឹត្យវិន័យ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ»។6ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្ដថាតើអ្នកណានឹងឡើងទៅស្ថានបរមសុខ?» គឺថា ដើម្បីនឹងនាំព្រះគ្រិស្ដចុះមក7«តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថាដើម្បីនាំព្រះគ្រិស្ដឡើងពីចំណោមមនុស្សស្លាប់មក8តែក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និង នៅក្នុងចិត្ដអ្នកដែរ»។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។9ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្ដអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូអោយមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន10ដ្បិតបើចិត្ដយើងជឿយើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ11ដូចមានថ្លែងទុកក្នុងគម្ពីរថា «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្ដឡើយ»។12ដូច្នេះ សាសន៍យូដា និង សាសន៍ក្រិកមិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយដែលមានព្រះហឫទ័យទូលាយ ដល់អស់អ្នកអង្វររកព្រះអង្គ13ដ្បិត «អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ»។14ក៏ប៉ុន្ដែ អោយគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? អោយគេជឿលើព្រះអង្គដូចម្ដេចកើតបើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? អោយគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស?15អោយមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់អោយទៅប្រកាសផងនោះ? ដូចមានចែងទុកថាៈ «មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎!»។16ប៉ុន្ដែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចព្យាការី អេសាយបានថ្លែងទុកមកថាៈ «បពិត្រព្រះអម្ចាស់តើនរណាជឿសេចក្ដីដែលយើងនិយាយអោយស្ដាប់?»។17ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រិស្ដ។18ក៏ប៉ុន្ដែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ! «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ លើផែនដីទាំងមូល ហើយពាក្យសំដីរបស់គេបានឮខ្ចរខ្ចាយ រហូត ដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។19ខ្ញុំសូមសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ?។ លោកម៉ូសេបានថ្លែងមុនគេថាៈ «យើងនឹងធ្វើអោយអ្នករាល់គ្នាច្រណែន នឹងពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ ដ៏ពិតប្រាកដ យើងនឹងធ្វើអោយអ្នករាល់គ្នាមានកំហឹង នឹងជាតិសាសន៍មួយដ៏ល្ងីល្ងើ»។20រីឯព្យាការីអេសាយ លោកហ៊ាននិយាយលើសពីនេះទៅទៀតថាៈ «អស់អ្នកដែលមិនស្វែងរកយើង គេបានរកយើងឃើញ ហើយអស់អ្នកដែលមិនសុំអ្វីពីយើង យើងបានបង្ហាញខ្លួនអោយគេឃើញច្បាស់»។21ចំពោះជនជាតិអ៊ីស្រាអែលវិញ លោកបានថ្លែងថាៈ «មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរក ប្រជារាស្ដ្រដែលមិនស្ដាប់បង្គាប់ ហើយចេះតែប្រកែកជំទាស់»។