Khmer

Romans

9

1ខ្ញុំសូមនិយាយសេចក្ដីពិត ដោយរួមជាមួយព្រះគ្រិស្ដ ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមនសិការរបស់ខ្ញុំផ្ទាល់ ជាសាក្សី និង ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺថា2ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចុកចាប់ក្នុងចិត្ដជានិច្ចផង3ដ្បិតខ្ញុំបន់អោយតែខ្លួនខ្ញុំត្រូវបណ្ដាសា បែកចេញពីព្រះគ្រិស្ដ ព្រោះតែបងប្អូន និង ញាតិសន្ដាន ដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់4គឺសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់បានរាប់ពួកគេទុកជាបុត្ររបស់ព្រះអង្គ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រី នានា មានគម្ពីរវិន័យ ស្គាល់របៀបគោរពបំរើព្រះអង្គ ទទួលព្រះបន្ទូលសន្យាផ្សេងៗ5មានបុព្វបុរស ហើយព្រះគ្រិស្ដក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ចអាម៉ែន!6ក៏ប៉ុន្ដែ មិនមែនមានន័យថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជពង្សលោកអ៊ីស្រាអែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រាអែលពិតប្រាកដឡើយ7ហើយអស់អ្នកដែលកើតពីពូជពង្សរបស់លោកអប្រាហាំ ក៏មិនមែនសុទ្ធតែជាកូនចៅរបស់លោកអប្រាហាំទាំងអស់គ្នាដែរ ដូចមានថ្លែងទុកមកថា «មានតែកូនចៅអ៊ីសាកប៉ុណ្ណោះ ដែលមានឈ្មោះថា ជាពូជពង្សរបស់អ្នក»8ពោលគឺមិនមែនកូនចៅដែលកើតមកតាមសាច់ឈាមធម្មតានោះទេ ដែលត្រូវរាប់ជាបុត្ររបស់ព្រះជាម្ចាស់មានតែកូនចៅដែលកើតមកតាមព្រះបន្ទូលសន្យាប៉ុណ្ណោះ ទើបរាប់ជាពូជពង្សបាន9ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា «ឆ្នំាក្រោយ យើងនឹងមកក្នុងពេលដដែលនេះ ហើយនាងសារ៉ានឹងមានកូនប្រុសមួយ»។10មិនតែប៉ុណ្ណោះសោត នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយ គឺលោកអ៊ីសាកជាបុព្វបុរសរបស់យើង។11ព្រះជាម្ចាស់មានគំរោងការជ្រើសរើសមនុស្ស ដោយមិនគិតពីអំពើដែលគេប្រព្រឹត្ដនោះទេ គឺជ្រើសរើសតាមព្រះហឫទ័យរបស់ព្រះអង្គដែលត្រាស់ហៅ។ ដើម្បីអោយបានស្របតាមគំរោងការនេះ នៅពេលកូនភ្លោះនៅក្នុងផ្ទៃ ពុំទាន់បានប្រព្រឹត្ដអំពើល្អ ឬ អាក្រក់នៅឡើយផងនោះ12ទ្រង់ក៏មានព្រះបន្ទូលទៅនាងរេបិកាថា«កូនច្បងនឹងបំរើកូនប្អូន»13ដូចមានចែងទុកមកថា «យើងស្រឡាញ់យ៉ាកុបជាងអេសាវ»។14ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? តើព្រះជាម្ចាស់អយុត្ដិធម៌ឬ? ទេមិនមែនទេ!15ដ្បិតព្រះអង្គមានព្រះបន្ទូលទៅកាន់លោកម៉ូសេថាៈ «យើងនឹងមានចិត្ដមេត្ដាករុណាដល់នរណា ដែលយើងមេត្ដាករុណា ហើយយើងក៏នឹងអាណិតអាសូរនរណាដែលយើងអាណិតអាសូរដែរ»។16ដូច្នេះ មិនមែនស្រេចតែបំណងចិត្ដ ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចតែព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្ដាករុណានោះវិញ17ដ្បិតក្នុងគម្ពីរ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្ដេចផារ៉ោនថា«យើងបានតាំងអ្នកជាស្ដេចដើម្បីបង្ហាញឫទ្ធានុភាពរបស់យើងតាមរយៈអ្នក និង អោយកិត្ដិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល»។18ដូច្នេះ ព្រះអង្គមេត្ដាករុណាដល់នរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គព្រះអង្គធ្វើអោយចិត្ដនរណាទៅជារឹងរូសក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គដែរ។19ប្រហែលជាអ្នកសួរខ្ញុំថា«បើដូច្នេះ ម្ដេចក៏ព្រះជាម្ចាស់នៅតែបន្ទោសមនុស្សទៀត? តើមាននរណាអាចប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះអង្គ?»។20ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់បែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើអោយខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ?។21ជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បាន គឺដីឥដ្ឋដដែលគាត់អាចយកទៅសូនធ្វើជារបស់ថ្លៃថ្នូរផង ហើយសូនធ្វើជារបស់ធម្មតាផង។22រីឯព្រះជាម្ចាស់វិញ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញព្រះពិរោធ និង សំដែងឫទ្ធានុភាពរបស់ព្រះអង្គ។ ដូច្នេះ ទ្រង់មានព្រះហឫទ័យអត់ធ្មត់យ៉ាងខ្លាំង ទ្រង់ស៊ូទ្រាំនឹងអស់អ្នកដែលត្រូវរងព្រះពិរោធហើយត្រូវវិនាសអន្ដរាយ។23ព្រះអង្គក៏ចង់បង្ហាញសិរីរុងរឿងដ៏ប្រសើរលើសលប់របស់ព្រះអង្គចំពោះអស់អ្នកដែលព្រះអង្គមេត្ដាករុណាដែរ ជាអ្នកដែលព្រះអង្គបានតំរូវទុកជាមុនអោយទទួលសិរីរុងរឿង24ពោលគឺយើងទាំងអស់គ្នាដែលព្រះអង្គបានត្រាស់ហៅ មិនត្រឹមតែពីក្នុងចំណោមសាសន៍យូដាប៉ុណ្ណោះទេ គឺពីក្នុងចំណោមជាតិសាសន៍ដទៃថែមទៀតផង25ដូចមានថ្លែងទុកក្នុងគម្ពីរព្យាការី ហូសេថាៈ «អ្នកដែលមិនមែន ជាប្រជារាស្ដ្ររបស់យើង យើងនឹងហៅគេថាជាប្រជារាស្ដ្ររបស់យើង រីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់ យើងនឹងហៅគេថាជាជាតិសាសន៍ដ៏ជាទីស្រឡាញ់របស់យើង26ហើយត្រង់ណាដែលមានពោលទៅ អ្នកទាំងនោះថា"អ្នករាល់គ្នាមិនមែនជា ប្រជារាស្ដ្ររបស់យើងទេ!" ត្រង់នោះគេនឹងមានឈ្មោះថាជាបុត្រ របស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់»។27រីឯព្យាការីអេសាយវិញ លោកបានប្រកាសអំពីសាសន៍អ៊ីស្រាអែលថាៈ ទោះបីសាសន៍អ៊ីស្រាអែលបានកើនចំនួនច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ មានតែមួយចំនួនតូចសល់ពីស្លាប់ប៉ុណ្ណោះ ដែលនឹងទទួលការសង្គ្រោះ28ដ្បិតព្រះអម្ចាស់នឹងសំរេចតាមព្រះបន្ទូល របស់ព្រះអង្គគ្រប់ប្រការទាំងអស់ យ៉ាងឆាប់ៗនៅផែនដីនេះ។29មួយវិញទៀត ព្យាការីអេសាយក៏បានថ្លែងទុកជាមុនមកថាៈ ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល មិនបានទុកកូនចៅយើងមួយចំនួន អោយនៅសល់ទេ នោះយើងនឹងវិនាសទៅដូចជាអ្នកក្រុងសូដុម ហើយយើងក៏ប្រៀបបីដូចជាអ្នកក្រុង កូម៉ូរ៉ាដែរ។30ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? សាសន៍ដទៃដែលពុំបានស្វះស្វែងរកសេចក្ដីសុចរិត បែរជាបានទទួលសេចក្ដីសុចរិតទៅវិញ គឺសេចក្ដីសុចរិតមកពីជំនឿ។31រីឯសាសន៍អ៊ីស្រាអែល គេខំប្រឹងធ្វើតាមក្រឹត្យវិន័យ ដែលផ្ដល់សេចក្ដីសុចរិត តែពួកគេពុំបានសុចរិតតាមវិន័យនោះឡើយ។32ហេតុអ្វីបានជាដូច្នេះ? គឺមកពួកគេពឹងលើការប្រព្រឹត្ដតាមវិន័យមិនពឹងលើជំនឿទេ។ ពួកគេជំពប់ដួលនឹង «ថ្មដែលនាំអោយគេជំពប់»33ដូចមានចែងទុកមកថាៈ យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មដែលនាំអោយគេជំពប់ដួល ជាសិលាដែលនាំអោយគេរវាតចិត្ដបាត់ជំនឿ អ្នកណាជឿលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្ដឡើយ។