1ចំពោះយើងដែលមានជំនឿមាំមួន យើងមានភារកិច្ចជួយអ្នក ដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្ដនោះឡើយ។2យើងម្នាក់ៗតោងតែខំធ្វើអោយអ្នកដទៃពេញចិត្ដ ដើម្បីជាប្រយោជន៍ល្អដល់គេ និង ជួយគេអោយចំរើនឡើង3ដ្បិតព្រះគ្រិស្ដពុំបានស្វែងរកអ្វី ដែលធ្វើអោយគាប់ព្រះហឫទ័យរបស់ព្រះអង្គផ្ទាល់នោះឡើយ ផ្ទុយទៅវិញ មានចែងទុកមកថា «ពាក្យត្មះតិះដៀលរបស់អស់អ្នកដែលតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ»។4អ្វីៗដែលមានចែងទុកពីមុនមកគឺចែងទុកសំរាប់អប់រំយើង។ ដោយគម្ពីរជួយសំរាលទុក្ខយើង និង អោយយើងចេះស៊ូទ្រាំយើងមានសេចក្ដីសង្ឃឹម។5សូមព្រះជាម្ចាស់ដែលជួយសំរាលទុក្ខ និង ជួយអោយចេះស៊ូទ្រាំ ប្រោសប្រទានអោយបងប្អូនរួមគ្នា មានចិត្ដគំនិតតែមួយ ស្របតាមព្រះគ្រិស្ដយេស៊ូ6ដើម្បីអោយបងប្អូនមានចិត្ដថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើង។7ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ អោយបានដូចព្រះគ្រិស្ដទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។8ខ្ញុំសូមជំរាបបងប្អូនថា ព្រះគ្រិស្ដបានមកធ្វើជាអ្នកបំរើរបស់សាសន៍ដែលកាត់ស្បែក ដើម្បីសំរេចតាមព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាចំពោះបុព្វបុរស និង សំដែងព្រះហឫទ័យសច្ចៈរបស់ព្រះអង្គ។9រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសំដែងព្រះហឫទ័យមេត្ដាករុណាដល់គេ ដូចមានចែងទុកមកថាៈ «ហេតុនេះហើយបានជាទូលបង្គំប្រកាសទទួល ស្គាល់ព្រះអង្គក្នុងចំណោមជាតិសាសន៍នានា ហើយទូលបង្គំនឹងច្រៀងលើកតម្កើង ព្រះកិត្ដិនាមរបស់ព្រះអង្គ»។10មានចែងទៀតថាៈ «ជាតិសាសន៍ទាំងឡាយអើយចូរមានអំណរ ជាមួយប្រជារាស្ដ្ររបស់ព្រះអង្គទៅ!»។11ហើយមានចែងទៀតថាៈ «ជាតិសាសន៍ទាំងឡាយអើយ ចូរកោតសរសើរព្រះអម្ចាស់ ត្រូវអោយប្រជារាស្ដ្រផងទាំងពួង ច្រៀងសរសើរព្រះអង្គ»។12ព្យាការីអេសាយក៏មានប្រសាសន៍ថាៈ «ពូជរបស់លោកអ៊ីសាយនឹងមកដល់ ព្រះអង្គនឹងក្រោកឡើង ដើម្បីដឹកនាំជាតិសាសន៍នានា ហើយជាតិសាសន៍ទាំងនោះ នឹងសង្ឃឹមលើព្រះអង្គ»។13សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសង្ឃឹមប្រោសបងប្អូនដែលមានជំនឿ អោយបានពោរពេញដោយអំណរ និង សេចក្ដីសុខសាន្ដគ្រប់ប្រការ ដើម្បីអោយបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។14បងប្អូនអើយ ខ្ញុំជឿជាក់ថា បងប្អូនមានចិត្ដសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និង មានសមត្ថភាពអាចទូន្មានគ្នាទៅវិញទៅមកបានថែមទៀតផង។15ក៏ប៉ុន្ដែ នៅត្រង់ចំណុចខ្លះ ខ្ញុំសរសេរមករំលឹកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិច ដោយសំអាងលើមុខងារ ដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំ16អោយបំរើព្រះគ្រិស្ដយេស៊ូសំរាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយដែលគាប់ព្រះហឫទ័យព្រះអង្គ និង ជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសអោយបានវិសុទ្ធ។17ដោយហេតុនេះខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ ចំពោះកិច្ចការដែលខ្ញុំបានធ្វើថ្វាយព្រះជាម្ចាស់18ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយក្រៅពីការដែលព្រះគ្រិស្ដបានធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសំដីក្ដី ឬ តាមកិច្ចការក្ដី ដើម្បីនាំសាសន៍ដទៃអោយមកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។19ព្រះអង្គសំដែងឫទ្ធានុភាពនៃទីសំគាល់ និង ឫទ្ធិបាដិហារិយ៍ ព្រះអង្គសំដែងឫទ្ធានុភាពរបស់ព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រិស្ដសព្វគ្រប់ នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹម រហូតទៅដល់តំបន់អ៊ីលីរីកុន។20ក៏ប៉ុន្ដែ ខ្ញុំបានតាំងចិត្ដប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮព្រះនាមព្រះគ្រិស្ដនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ21គឺអោយបានស្របតាមសេចក្ដីដែលមានចែងទុកមកថាៈ «អស់អ្នកដែលមិនទាន់បានទទួលដំណឹង អំពីព្រះអង្គ មុខជាឃើញ ហើយអស់អ្នកដែលមិនទាន់បានឮ មុខជាបានយល់»។22ការនេះហើយ ដែលធ្វើអោយខ្ញុំខកខានជាច្រើនដង មិនបានមកសួរសុខទុក្ខបងប្អូន។23ប៉ុន្ដែ ឥឡូវកិច្ចការរបស់ខ្ញុំក្នុងភូមិភាគទាំងនេះចប់សព្វគ្រប់ហើយ។ ម៉្យាងទៀត តាំងពីយូរឆ្នំាមកហើយ ខ្ញុំមានបំណងមកសួរសុខទុក្ខបងប្អូនជាខ្លាំង24នៅពេលណាខ្ញុំទៅស្រុកអេស៉្បាញ។ ខ្ញុំសង្ឃឹមថានឹងបានឆៀងចូលមកជួបបងប្អូនដើម្បីអោយបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកនោះ ក្រោយពីខ្ញុំបានសប្បាយចិត្ដ ស្នាក់នៅជាមួយបងប្អូនបន្ដិចមក។25ប៉ុន្ដែ ពេលនេះខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡឹម ដើម្បីបំរើប្រជាជនដ៏វិសុទ្ធ26ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និង ស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏វិសុទ្ធ នៅក្រុងយេរូសាឡឹម។27បងប្អូនទាំងនោះបានសំរេចចិត្ដដូច្នេះ ព្រោះគេមានជំពាក់បំណុលម៉្យាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្ដិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្ដិខាងលោកីយ៍ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។28ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅអោយគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។29ខ្ញុំដឹងថាពេលខ្ញុំមករកបងប្អូននោះ ខ្ញុំមានទាំងព្រះពរគ្រប់យ៉ាងរបស់ព្រះគ្រិស្ដមកជាមួយផង។30បងប្អូនអើយខ្ញុំសូមដាស់តឿនបងប្អូន ក្នុងនាមព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង និង ដោយសេចក្ដីស្រឡាញ់ដែលមកពីព្រះវិញ្ញាណថា សូមតយុទ្ធជាមួយខ្ញុំដោយទូលអង្វរព្រះជាម្ចាស់អោយខ្ញុំផង31ដើម្បីអោយខ្ញុំរួចផុតពីកណ្ដាប់ដៃរបស់អ្នកស្រុកយូដាដែលមិនជឿ និង ដើម្បីអោយប្រជាជនដ៏វិសុទ្ធនៅក្រុងយេរូសាឡឹមបានទទួលជំនួយដែលខ្ញុំនាំយកទៅនោះដោយអំណរ។32ដូច្នេះ ខ្ញុំនឹងមកដល់បងប្អូន ទាំងសប្បាយចិត្ដ ហើយប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងសម្រាកនៅជាមួយបងប្អូន។33សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ដ គង់ជាមួយបងប្អូនទាំងអស់គ្នា!អាម៉ែន!។