1ដូច្នេះតើសាសន៍យូដាប្រសើរជាងគេយ៉ាងណា ហើយការកាត់ស្បែកមានសារប្រយោជន៍យ៉ាងណាដែរ?2សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង ព្រះជាម្ចាស់បានប្រគល់ព្រះបន្ទូលមកអោយសាសន៍យូដា។3បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងព្រះអង្គ តើចិត្ដមិនស្មោះត្រង់របស់គេនឹងនាំអោយព្រះជាម្ចាស់លែងមានព្រះហឫទ័យស្មោះត្រង់ដែរឬ?4មិនដូច្នោះទេ ទោះបីមនុស្សគ្រប់រូបសុទ្ធតែជាអ្នកកុហកក្ដី ក៏ព្រះជាម្ចាស់នៅតែមានព្រះហឫទ័យសច្ចៈដែរ ដូចមានចែងទុកមកថាៈ «ត្រូវអោយគេទទួលស្គាល់ថាព្រះអង្គសុចរិត ឥតល្អៀងក្នុងព្រះបន្ទូលសោះឡើយ ហើយព្រះអង្គនឹងមានជ័យជំនះ នៅពេលគេកាត់ក្ដីព្រះអង្គ»។5ប្រសិនបើ អំពើទុច្ចរិតរបស់យើងបង្ហាញអោយឃើញថាព្រះជាម្ចាស់សុចរិត តើអោយយើងថាដូចម្ដេចទៅវិញ? ប្រសិនបើព្រះជាម្ចាស់ដាក់ទោសយើង តើបានសេចក្ដីថាព្រះអង្គមិនសុចរិតឬ? (ខ្ញុំនិយាយដូច្នេះគឺនិយាយតាមរបៀបមនុស្សលោក)។6មិនដូច្នោះទេ! ប្រសិនបើព្រះជាម្ចាស់មិនសុចរិត តើអោយព្រះអង្គវិនិច្ឆ័យទោសមនុស្សលោកដូចម្ដេចកើត?7មួយវិញទៀត បើការកុហករបស់ខ្ញុំធ្វើអោយព្រះហឫទ័យសច្ចៈរបស់ព្រះជាម្ចាស់ លេចចេញមកយ៉ាងច្បាស់ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គមែននោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវតែទទួលទោស ក្នុងនាមជាមនុស្សបាបទៅវិញ?8បើដូច្នេះ ម្ដេចក៏យើងមិននាំគ្នាប្រព្រឹត្ដអំពើអាក្រក់ ដើម្បីអោយមានផលល្អកើតចេញមក ដូចអ្នកខ្លះដែលមួលបង្កាច់យើងថា យើងបាននិយាយបែបនេះ! អ្នកទាំងនោះមុខតែទទួលទោសជាពុំខាន!9បើដូច្នេះ យើងដែលជាសាសន៍យូដា តើយើងប្រសើរជាងគេឬ? ទេ យើងមិនប្រសើរជាងគេទាល់តែសោះ!ដ្បិតយើងបានបញ្ជាក់រួចមកហើយថា មនុស្សទាំងអស់ ទោះបីសាសន៍យូដាក្ដី សាសន៍ក្រិកក្ដីសុទ្ធតែមានបាបសោយរាជ្យពីលើទាំងអស់គ្នា10ដូចមានចែងទុកមកថា៖ «គ្មានមនុស្សណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង11គ្មាននរណាម្នាក់ដឹងខុសត្រូវ គ្មាននរណាម្នាក់ស្វែងរកព្រះជាម្ចាស់។12មនុស្សគ្រប់ៗរូបបានវង្វេង ចេញឆ្ងាយពីព្រះជាម្ចាស់ ហើយវិនាសបាត់បង់ជាមួយគ្នា គ្មាននរណាប្រព្រឹត្ដអំពើសប្បុរសសោះឡើយ សូម្បីតែម្នាក់ក៏គ្មានផង»។13«បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេមានបង្កប់នូវពិសពស់វែក»។14«មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និង ពាក្យជូរចត់»។15«ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម16គេទៅកន្លែងណា កន្លែងនោះខ្ទេចខ្ទីអន្ដរាយអស់។17គេមិនស្គាល់ផ្លូវទៅកាន់សន្ដិភាពទេ»។18«គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់ សោះឡើយ»។19យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យ សុទ្ធតែចែងទុកសំរាប់អស់អ្នកដែលចំណុះក្រឹត្យវិន័យ ដើម្បីកុំអោយមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយអោយពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់។20ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះព្រះភ័ក្ដ្រព្រះអង្គ ដោយការប្រព្រឹត្ដតាមក្រឹត្យវិន័យទេ ព្រោះគម្ពីរវិន័យគ្រាន់តែនាំអោយគេស្គាល់អំពើបាបប៉ុណ្ណោះ។21ឥឡូវនេះ ព្រះជាម្ចាស់សំដែងអោយយើងដឹង អំពីរបៀបព្រះអង្គប្រោសមនុស្សអោយបានសុចរិត គឺព្រះអង្គមិនគិតពីក្រឹត្យវិន័យ ទេ ដូចគម្ពីរវិន័យ និង គម្ពីរព្យាការី បានបញ្ជាក់ទុកស្រាប់។22ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿ លើព្រះយេស៊ូគ្រិស្ដអោយបានសុចរិត គឺព្រះអង្គធ្វើដូច្នេះចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ23គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប ហើយគ្មានសិរីរុងរឿង របស់ព្រះជាម្ចាស់នៅជាមួយ24តែដោយសារព្រះគុណ និង ដោយសារការប្រោសលោះដែលស្ថិតនៅក្នុងអង្គព្រះគ្រិស្ដយេស៊ូ ព្រះអម្ចាស់ប្រោសគេអោយបានសុចរិតដោយឥតគិតថ្លៃ។25ព្រះជាម្ចាស់បានតំរូវអោយព្រះយេស៊ូធ្វើជាយញ្ញបូជា សំរាប់លោះអស់អ្នកដែលមានជំនឿ អោយរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សអោយបានសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្ដអំពើបាប26ក្នុងគ្រាដែលព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សអោយបានសុចរិត ដើម្បីសំដែងថាព្រះអង្គសុចរិត ហើយទ្រង់ប្រោសអ្នកដែលជឿលើព្រះយេស៊ូអោយបានសុចរិតផងដែរ។27ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្ដអំពើល្អឬ?ទេ គឺពឹងផ្អែកលើជំនឿវិញ28ដ្បិតយើងយល់ថា ព្រះជាម្ចាស់ប្រោសមនុស្សអោយបានសុចរិតមកពីគេមានជំនឿ មិនមែនមកពីគេប្រព្រឹត្ដតាមវិន័យឡើយ។29បើមិនដូច្នោះទេ ព្រះអង្គជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះ! តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃផងដែរទេឬ? មែន!ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ។30មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ ដែលប្រោសសាសន៍យូដាអោយបានសុចរិត មកពីគេមានជំនឿ ហើយក៏ប្រោសសាសន៍ដទៃអោយបានសុចរិត ដោយគេមានជំនឿដែរ។31ដូច្នេះតើមានន័យថា យើងយកជំនឿមកលុបបំបាត់ក្រឹត្យវិន័យឬ? ទេ មិនមែនដូច្នោះទេ! គឺយើងធ្វើអោយក្រឹត្យវិន័យរឹតតែមានតម្លៃថែមទៀត។