1ដូច្នេះ តើយើងគិតដូចម្ដេចចំពោះលោកអប្រាហាំដែលជាបុព្វបុរស របស់យើងផ្នែក ខាងសាច់ឈាម តើលោកបានទទួលអ្វីខ្លះ?2ប្រសិនបើលោកអប្រាហាំបានសុចរិត ដោយសារការប្រព្រឹត្ដអំពើល្អនោះ លោកអាចនឹងអួតអាងខ្លួនបានមែន។ ក៏ប៉ុន្ដែ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ លោកពុំអាចអួតអាងបានទេ3ដ្បិតក្នុងគម្ពីរមានចែងថា«លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកអោយបានសុចរិត ដោយយល់ដល់ជំនឿនេះ»។4ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុកជាប្រាក់ដែលខ្លួនត្រូវតែបាន។5ចំពោះអ្នកដែលពុំបានប្រព្រឹត្ដតាមវិន័យ តែមានជំនឿលើព្រះជាម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ព្រះអង្គអោយបានសុចរិត ទ្រង់នឹងប្រោសអ្នកនោះអោយបានសុចរិតដោយយល់ដល់ជំនឿរបស់គេ។6ហេតុនេះហើយបានជាព្រះបាទដាវីឌថ្លែងអំពីសុភមង្គល របស់អ្នក ដែលព្រះជាម្ចាស់ប្រោសអោយបានសុចរិត ដោយមិនគិតដល់ការប្រព្រឹត្ដអំពើល្អថាៈ7«អស់អ្នកដែលព្រះជាម្ចាស់អត់ទោស និង លុបបំបាត់អំពើបាបចោល ពិតជាមានសុភមង្គលហើយ!8បុរសណាដែលព្រះជាម្ចាស់មិនគិតគូរ ពីបាបរបស់ខ្លួនទេបុរសនោះពិតជាមានសុភមង្គលហើយ!»។9តើមានតែសាសន៍យូដាទេឬ ដែលអាចទទួលសុភមង្គលនេះ ឬមួយសាសន៍ដទៃ ក៏អាចទទួលបានដែរ?។ យើងទើបនឹងនិយាយថា«ព្រះអង្គប្រោសលោកអប្រាហាំអោយបានសុចរិត ដោយយល់ដល់ជំនឿរបស់លោក»។10តើព្រះជាម្ចាស់ប្រោសលោកអប្រាហាំអោយបានសុចរិតនៅពេលណា? ក្រោយពេលលោកទទួលពិធីកាត់ស្បែក ឬក៏មុននោះ? គឺនៅមុនពេលលោកទទួលពិធីកាត់ស្បែក មិនមែនក្រោយពេលកាត់ស្បែកហើយនោះទេ!។11លោកបានទទួលពិធីកាត់ស្បែកតាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថាលោកបានសុចរិត ដោយសារជំនឿដែលលោកមានកាលពីមិនទាន់កាត់ស្បែកនៅឡើយ។ ដូច្នេះ លោកបានទៅជាឪពុករបស់មនុស្សទាំងអស់ដែលមិនបានទទួលពិធីកាត់ស្បែកតែមានជំនឿ ហើយព្រះជាម្ចាស់ប្រោសគេអោយបានសុចរិត។12លោកក៏ជាឪពុករបស់សាសន៍យូដាដែលកាត់ស្បែកដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងបានយកតំរាប់តាមជំនឿរបស់លោកអប្រាហាំជាឪពុករបស់យើង នៅគ្រាដែលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយនោះផង។13ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និង ពូជពង្សរបស់លោកថា គេនឹងបានទទួលពិភពលោកទុកជាមត៌កដោយមិនគិតតាមក្រឹត្យវិន័យទេ គឺគិតតាមសេចក្ដីសុចរិតដែលបានមកពីជំនឿវិញ។14ប្រសិនបើមនុស្សទទួលមត៌ក ដោយគោរពតាមក្រឹត្យវិន័យនោះ បានសេចក្ដីថាជំនឿគ្មានប្រយោជន៍អ្វីសោះ ហើយព្រះបន្ទូលសន្យាក៏គ្មានតម្លៃអ្វីដែរ15ដ្បិតក្រឹត្យវិន័យបង្កើតអោយមានព្រះពិរោធ តែទីណាគ្មានក្រឹត្យវិន័យ នៅទីនោះក៏គ្មានបទល្មើសក្រឹត្យវិន័យដែរ។16ដូច្នេះ ព្រោះតែជំនឿដែលស្របតាមព្រះគុណ ព្រះបន្ទូលសន្យាត្រូវបានប្រទានមកចំពោះពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្ដិតាមក្រឹត្យវិន័យប៉ុណ្ណោះទេ តែសំរាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ជាឪពុករបស់យើងទាំងអស់គ្នាដែរ17ដូចមានចែងទុកមកថា «យើងបានតែងតាំងអ្នកអោយធ្វើជាឪពុករបស់ជាតិសាសន៍មួយចំនួនធំ»។ លោកជាឪពុករបស់យើង នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ជាព្រះដែលលោកបានជឿ គឺព្រះអង្គដែលប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ ហើយបានត្រាស់ហៅអ្វីៗដែលគ្មានរូបរាងអោយកើតមាន។18ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកអប្រាហាំនៅតែមានសង្ឃឹម និង មានជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលមានថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ»។19កាលណោះ លោកមានអាយុជិតមួយរយឆ្នំាហើយ ទោះបីលោកមើលមករូបកាយរបស់លោក ឃើញថាជិតស្លាប់ និង មើលទៅលោកយាយសារ៉ា ឃើញថាពុំអាចបង្កើតកូនបានសោះនោះក៏ដោយ ក៏ជំនឿរបស់លោកមិនអន់ថយដែរ។20លោកមិនបាត់ជំនឿ ហើយមិនសង្ស័យនឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញជំនឿរបស់លោកធ្វើអោយលោកមានកម្លាំងចិត្ដនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់21ព្រោះលោកជឿប្រាកដក្នុងចិត្ដថា បើព្រះជាម្ចាស់សន្យាធ្វើអ្វី ព្រះអង្គពិតជាមានឫទ្ធានុភាពនឹងសំរេចតាមបានមិនខាន។22ហេតុនេះហើយបានជា«ព្រះជាម្ចាស់ប្រោសលោកអោយបានសុចរិត»។23ក៏ប៉ុន្ដែ សេចក្ដីដែលមានចែងថា «ព្រះជាម្ចាស់ប្រោសអោយបានសុចរិត»នេះមិនមែនសំដៅតែលើលោកអប្រាហាំប៉ុណ្ណោះទេ24គឺសំដៅមកយើងដែលព្រះជាម្ចាស់ប្រោសអោយបានសុចរិត ព្រោះយើងជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូជាអម្ចាស់នៃយើងអោយមានព្រះជន្មរស់ឡើងវិញនេះដែរ។25ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ដើម្បីអោយយើងបានសុចរិត។