Khmer

Romans

6

1ដូច្នេះ យើងត្រូវគិតដូចម្ដេច? តើយើងត្រូវប្រព្រឹត្ដអំពើបាបតទៅមុខទៀតដើម្បីអោយព្រះគុណរឹតតែមានចំរើនឡើង2ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយតើអោយយើងនៅតែប្រព្រឹត្ដអំពើបាបតទៅទៀតដូចម្ដេចកើត!3តើបងប្អូនមិនជ្រាបទេ ឬ យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីរួមជាមួយព្រះគ្រិស្ដយេស៊ូនោះ គឺយើងបានជ្រមុជ រួមជាមួយព្រះអង្គដែលសោយទិវង្គត។4ហេតុនេះ ដោយពិធីជ្រមុជទឹកដើម្បីរួមស្លាប់ជាមួយព្រះអង្គ យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ។ ដូច្នេះ ព្រះគ្រិស្ដមានព្រះជន្មរស់ឡើងវិញ ដោយសារសិរីរុងរឿង របស់ព្រះបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។5ប្រសិនបើយើងបានរួមស្លាប់ជាមួយព្រះអង្គដែលសោយទិវង្គត យើងក៏នឹងបានរួមជាមួយព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញដែរ។6យើងដឹងថា ចរិតចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គរួចហើយ ដើម្បីអោយខ្លួនយើងដែលជាប់បាបនេះត្រូវវិនាសសាបសូន្យ កុំអោយយើងធ្វើជាខ្ញុំបំរើរបស់បាបតទៅទៀត7ដ្បិតអ្នកដែលស្លាប់ មិនទាក់ទាមនឹងបាបទៀតទេ។8ដូច្នេះ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រិស្ដ យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយព្រះអង្គដែរ9ព្រោះយើងដឹងថា ព្រះគ្រិស្ដដែលរស់ឡើងវិញនោះ ទ្រង់លែងសោយទិវង្គតហើយ មច្ចុរាជគ្មានអំណាច លើព្រះអង្គទៀតទេ10ដ្បិតព្រះអង្គបានសោយទិវង្គតនោះគឺសោយទិវង្គតអោយបានរួចផុតពីអំណាចបាប ម្ដងជាសូរេច។ ឥឡូវនេះ ព្រះអង្គមានព្រះជន្មរស់នោះ គឺរស់សំរាប់ព្រះជាម្ចាស់។11រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថាខ្លួនបានស្លាប់ រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់ សំរាប់ព្រះជាម្ចាស់ដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ។12ដូច្នេះ មិនត្រូវទុកអោយបាបសោយរាជ្យលើខ្លួនបងប្អូនដែលរមែងតែងតែស្លាប់ដើម្បីស្ដាប់តាមតណ្ហាលោភលន់របស់ខ្លួននោះឡើយ13ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូន អោយទៅបំរើបាប និង ធ្វើជាឧបករណ៍សំរាប់ប្រព្រឹត្ដអំពើទុច្ចរិតដែរ គឺត្រូវថ្វាយខ្លួនទៅព្រះជាម្ចាស់ ដូចមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សរីរាង្គកាយរបស់បងប្អូនទៅបំរើព្រះជាម្ចាស់ និង ធ្វើជាឧបករណ៍សំរាប់ប្រព្រឹត្ដអំពើសុចរិត។14បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិនស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។15បើដូច្នេះ ដោយយើងមិនស្ថិតនៅក្រោមអំណាចនៃក្រឹត្យវិន័យ តែស្ថិតនៅក្រោមព្រះគុណ តើយើងត្រូវតែប្រព្រឹត្ដអំពើបាបឬ? ទេ មិនកើតទេ!16បងប្អូនមិនដឹងទេឬ បើបងប្អូនប្រគល់ខ្លួនទៅបំរើ និង ស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបំរើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះ ឬមួយបងប្អូននឹងទៅជាខ្ញុំបំរើរបស់បាប ដែលនាំអោយបងប្អូនស្លាប់ឬមួយបងប្អូនស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលនាំអោយបងប្អូនបានសុចរិត។17សូមអរព្រះគុណព្រះជាម្ចាស់! ពីដើមបងប្អូនជាខ្ញុំបំរើរបស់បាបមែន តែដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ដ តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល18បងប្អូនក៏បានរួចពីអំណាចបាប មកបំរើសេចក្ដីសុចរិតវិញ។19ខ្ញុំសូមនិយាយតាមរបៀបមនុស្សលោកទៅចុះ ព្រោះបងប្អូនជាមនុស្សទន់ខ្សោយ។ ពីដើម បងប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូន អោយធ្វើជាខ្ញុំបំរើនៃអំពើសៅហ្មង និង អំពើទុយ៌ស ដែលនាំអោយប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងណា ឥឡូវនេះ ចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូន ធ្វើជាខ្ញុំបំរើនៃសេចក្ដីសុចរិតដើម្បីអោយបងប្អូនបានវិសុទ្ធ យ៉ាងនោះដែរ។20កាលបងប្អូននៅជាខ្ញុំបំរើរបស់បាបនៅឡើយ បងប្អូនគ្មានជាប់ទាក់ទាមអ្វីនឹងសេចក្ដីសុចរិតទេ។21កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំអោយបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលអោយបងប្អូនស្លាប់!22តែឥឡូវនេះបងប្អូនបានរួចពីអំណាចបាប មកបំរើព្រះជាម្ចាស់វិញ។ បងប្អូនបានផលដែលធ្វើអោយបងប្អូនទៅជាវិសុទ្ធ ដើម្បីអោយមានជីវិតអស់កល្បជានិច្ច23ដ្បិតលទ្ធផលនៃបាប គឺសេចក្ដីស្លាប់ រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់វិញគឺជីវិតអស់កល្បជានិច្ចរួមជាមួយព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើង។