1បងប្អូនអើយ ខ្ញុំសូមនិយាយចំពោះបងប្អូន ដែលស្ទាត់ជំនាញខាងច្បាប់ បងប្អូនជ្រាបស្រាប់ហើយថា ច្បាប់មានអំណាចលើមនុស្ស តែក្នុងពេលដែលគេនៅមានជីវិតនៅឡើយ។2ឧបមាថា ស្ដ្រីម្នាក់មានប្ដីតាមច្បាប់ នាងនៅជាប់ជាមួយប្ដី តែក្នុងពេលដែលប្ដីមានជីវិតនៅឡើយប៉ុណ្ណោះ។ បើប្ដីស្លាប់នាងនឹងរួចផុតពីច្បាប់ដែលចងនាងអោយនៅជាប់នឹងប្ដីនោះហើយ។3ដូច្នេះ ពេលប្ដីនៅរស់នៅឡើយ ប្រសិនបើនាងមានប្ដីមួយទៀត នាងមានឈ្មោះថាជាស្ដ្រីផិតក្បត់។ ផ្ទុយទៅវិញ បើប្ដីនាងស្លាប់ នាងមានសេរីភាពរួចផុតពីច្បាប់ ហើយបើនាងមានប្ដីមួយទៀត នាងឥតមានឈ្មោះថាជាស្ដ្រីផិតក្បត់ទេ។4រីឯបងប្អូនវិញ ក៏ដូច្នោះដែរ ដោយសារព្រះកាយរបស់ព្រះគ្រិស្ដ បងប្អូនបានស្លាប់ រួចផុតពីក្រឹត្យវិន័យ ហើយទៅជាប់នឹងម្ចាស់មួយទៀត គឺជាប់នឹងព្រះគ្រិស្ដដែលមានព្រះជន្មរស់ឡើងវិញដើម្បីបង្កើតផលថ្វាយព្រះជាម្ចាស់5ដ្បិតកាលយើងរស់នៅខាងនិស្ស័យលោកីយ៍នៅឡើយ ដោយមានក្រឹត្យវិន័យជំរុញ តណ្ហាអាក្រក់ផ្សេងៗបានសំដែងឥទ្ធិពលក្នុងសរីរាង្គកាយរបស់យើង ដើម្បីអោយយើងបង្កើតផលដែលបណ្ដាលអោយស្លាប់6តែឥឡូវនេះ ដោយយើងបានស្លាប់ រួចផុតពីក្រឹត្យវិន័យហើយ គឺរួចផុតពីអ្វីៗដែលបានឃុំឃាំងយើង ដូច្នេះ យើងបំរើព្រះជាម្ចាស់ តាមរបៀបថ្មី ដែលមកពីព្រះវិញ្ញាណ មិនមែនបំរើតាមរបៀបចាស់ ដែលមកពីក្រឹត្យវិន័យសរសេរជាលាយលក្ខណ៍អក្សរនោះឡើយ។7ដូច្នេះយើងគិតដូចម្ដេច? តើក្រឹត្យវិន័យគ្រាន់តែនាំអោយស្គាល់បាបប៉ុណ្ណោះ។ ប្រសិនបើក្រឹត្យវិន័យមិនហាមថា«កុំលោភលន់» នោះខ្ញុំមុខជាពុំដឹងថាការលោភលន់នេះជាអ្វីផង។8បាប ក៏ឆ្លៀតឱកាសដែលបញ្ញត្ដិហាមឃាត់ខ្ញុំនោះបង្កើតអោយមានការលោភលន់គ្រប់យ៉ាងនៅក្នុងខ្លួនខ្ញុំ។ ប្រសិនបើគ្មានក្រឹត្យវិន័យទេបាបក៏រលាយសូន្យដែរ។9ពីដើមខ្ញុំរស់នៅដោយគ្មានក្រឹត្យវិន័យ។ លុះបញ្ញត្ដិមកដល់បាបក៏កើតមានឡើង10រីឯខ្ញុំ ខ្ញុំក៏បាត់បង់ជីវិត។ ដូច្នេះ បញ្ញត្ដិដែលត្រូវនាំអោយខ្ញុំមានជីវិតនោះ បែរជាបណ្ដាលអោយខ្ញុំស្លាប់ទៅវិញ11ដ្បិតបាបបានឆ្លៀតឱកាសយកបញ្ញត្ដិមកបោកបញ្ឆោតខ្ញុំ ហើយធ្វើអោយខ្ញុំស្លាប់ដោយសារបញ្ញត្ដិនេះ។12ដូច្នេះ ក្រឹត្យវិន័យដ៏វិសុទ្ធ រីឯបញ្ញត្ដិដ៏វិសុទ្ធសុចរិតហើយល្អដែរ។13តើអ្វីៗដ៏ល្អនេះបែរជានាំអោយខ្ញុំស្លាប់ឬ? ទេ មិនមែនទេ! គឺបាបវិញទេតើដែលនាំអោយខ្ញុំស្លាប់។ បាបបានប្រើវិន័យដែលល្អធ្វើអោយខ្ញុំស្លាប់ ដើម្បីបង្ហាញអោយឃើញថាបាបពិតជាបាបមែនហើយតាមរយៈបញ្ញត្ដិបាបលេចចេញមករឹតតែអាក្រក់ហួសហេតុទៅទៀត។14យើងដឹងស្រាប់ហើយថា ក្រឹត្យវិន័យមកពីព្រះវិញ្ញាណ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍លក់ខ្លួនដាច់ថ្លៃអោយបាប15ដ្បិតខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ កិច្ចការណាដែលខ្ញុំចង់ធ្វើ ខ្ញុំមិនធ្វើ រីឯកិច្ចការណាដែលខ្ញុំស្អប់ ខ្ញុំបែរជាធ្វើទៅវិញ។16ប្រសិនបើខ្ញុំធ្វើកិច្ចការណា ដែលខ្ញុំមិនចង់ធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំយល់ស្របនឹងវិន័យ ហើយទទួលស្គាល់ថាក្រឹត្យវិន័យពិតជាល្អមែន។17ដូច្នេះ មិនមែនខ្ញុំទេដែលប្រព្រឹត្ដកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំវិញទេតើដែលប្រព្រឹត្ដ18ដ្បិតខ្ញុំដឹងថាអ្វីៗដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ ពោលគឺមិនស្ថិតនៅក្នុងខ្ញុំដែលមាននិស្ស័យលោកីយ៍ទេ។ ខ្ញុំមានឆន្ទៈនឹងធ្វើអំពើល្អ តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្ដអំពើល្អបានឡើយ។19ខ្ញុំមិនប្រព្រឹត្ដអំពើល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែបែរជាប្រព្រឹត្ដអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។20ប្រសិនបើខ្ញុំប្រព្រឹត្ដអំពើណាដែលខ្ញុំមិនចង់ធ្វើ បានសេចក្ដីថាមិនមែនខ្ញុំទៀតទេដែលប្រព្រឹត្ដដូច្នេះ គឺបាបស្ថិតនៅក្នុងខ្ញុំវិញទេតើ ដែលប្រព្រឹត្ដ។21ដូច្នេះ ចំពោះខ្ញុំដែលចង់ធ្វើអំពើល្អ ខ្ញុំសង្កេតឃើញមានគោលការណ៍មួយនេះថាខ្ញុំមានសមត្ថភាពធ្វើបានតែអំពើអាក្រក់ប៉ុណ្ណោះ។22ក្នុងជំរៅចិត្ដរបស់ខ្ញុំ ខ្ញុំពេញចិត្ដនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ណាស់23ក៏ប៉ុន្ដែ ខ្ញុំឃើញថានៅក្នុងសរីរាង្គកាយរបស់ខ្ញុំ មានគោលការណ៍មួយទៀត ដែលតយុទ្ធនឹងមនសិការ របស់ខ្ញុំ ទាំងធ្វើអោយខ្ញុំជាប់ជាឈ្លើយធ្វើតាមបញ្ជារបស់បាបដែលស្ថិតនៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផង។24ខ្ញុំវេទនាណាស់! តើនរណានឹងដោះលែងខ្ញុំអោយរួចពីរូបកាយ ដែលរមែងតែងតែស្លាប់នេះបាន?25សូមអរព្រះគុណព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង។ ដូច្នេះ ដោយសារគំនិតប្រាជ្ញារបស់ខ្ញុំ ខ្ញុំធ្វើតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់តែដោយសារខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍ ខ្ញុំបែរជាធ្វើតាមបញ្ជារបស់បាប។